ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី១០ ដែលបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ នាថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកា និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២៣ ជាច្រើនរូប។
មហាសន្និបាតនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៤។
មហាសន្និបាតនេះក៏បានផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការកំណត់ផែនការយុទ្ធសាស្រ្តធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានការផ្តល់សេវាហិរញ្ញវត្ថុល្អបំផុត។
លើសពីនេះ គណៈគ្រប់គ្រង ក៏បានប្រគល់វិញ្ញាបនបត្រសរសើរជូនសាខាឆ្នើម និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២៣ សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវសមិទ្ធផលការងារបានយ៉ាងល្អប្រសើរ ផងដែរ។
ជាកិច្ចចុងក្រោយនៃមហាសន្និបាទ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក៏បានសម្តែងនូវការកោតសរសើរដល់គណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ ចំពោះកិច្ចសហការគ្នា និងកិច្ចខិតខំប្រឹងប្រែងបានយ៉ាងល្អក្នុងការអនុវត្តន៍ការងាររយៈពេលពេញមួយឆ្នាំ។ លោកក៏បានជំរុញឱ្យគណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ ឱ្យខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីវឌ្ឍនភាពនៃធនាគារ និងខ្លួនឯង។