ធនាគារ ប្រៃសណីយ៍កម្ពុជា គឺជាធនាគារពាណិជ្ជមួយដែលរីកចម្រើនលឿនបំផុតក្នុងចំណោមធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្រ្តរវាង កាណាឌីយ៉ា អ៊ីនវេសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងហ្វូឡឹតុន ហ្វាយណាន់ស្យ៊ល ខាប់ពីតាល់ ភីធីអ៊ី។ នៅដើមឆ្នាំ២០២៤ នេះ ធនាគារ ប្រៃសណីយ៍កម្ពុជា បានទទួលពានរង្វាន់អន្តរជាតិពីស្ថាប័ន World Confederation of Business ជា «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024) »។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារ ប្រៃសណីយ៍កម្ពុជា បានដឹកនាំគណៈគ្រប់គ្រងជាន់ខ្ពស់ធនាគារ អញ្ជើញទៅទទួលពានរង្វាន់អន្តរជាតិនេះនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ World Confederation of Business បានសម្រេចប្រគល់ពានរង្វាន់ ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤នេះ ជូនធនាគារប្រៃសណីយ៍កម្ពុជា ដោយបានត្រួតពិនិត្យ វាយតម្លៃខ្ពស់ទៅលើសមិទ្ធផល និងការធ្វើប្រតិបត្តិការបានយ៉ាងល្អរបស់ធនាគារ ក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនរបស់ខ្លួនក្នុងឆ្នាំ២០២៣កន្លងមក ។ លោក ប្រធាននាយកប្រតិបត្តិបានលើកឡើងដោយសង្ខេបថា ទោះបីជាមានបញ្ហាប្រឈមជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ក៏ធនាគារនៅតែអាចបន្តរីកចម្រើនប្រកបដោយស្ថិរភាព ទាំងប្រាក់ចំណេញ ទំហំប្រតិបត្តិការ និងការគ្រប់គ្រងឥណទានមិនដំណើរការប្រកបដោយប្រសិទ្ធភាព…។ល។ ជាលទ្ធផលឆ្នាំ២០២៣ ទ្រព្យសកម្មរបស់ធនាគារបានកើនឡើង១៣,៦% ផលប័ត្រឥណទានកើនឡើង៧,៣% សមតុល្យប្រាក់បញ្ញើកើនឡើង១៤,៦% និងនៅតែរក្សាប្រាក់ចំណេញបាន ២៣លានដុល្លារអាមេរិកប្រហាក់ប្រហែលនឹងឆ្នាំ២០២២ដែរ។ គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារពិតជាមានការរំភើបរីករាយក្នុងការទទួលបានពានរង្វាន់ដ៏ពិសេសមួយនេះ ដែលបានសរបញ្ជាក់ពីការទទួលស្គាល់ជាអន្តរជាតិមកកាន់ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបម្រើសេវាកម្មហិរញ្ញវត្ថុបានល្អជូនអតិថិជនរបស់ខ្លួននាពេលកន្លងមក។ ធនាគារប្តេជ្ញាបន្តកែលម្អអភិវឌ្ឍន៍ផលិតផលប្រកបដោយភាពច្នៃប្រឌិត និងពង្រឹងសេវាកម្មអតិថិជនអោយកាន់តែល្អប្រសើរបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថាជារឿយៗ ធនាគារ ប្រៃសណីយ៍កម្ពុជា តែងទទួលបានប្រសិទ្ធនាម និងពានរង្វាន់អន្តរជាតិពីស្ថាប័នល្បីៗជាច្រើន ដូចជាក្នុងឆ្នាំ២០២៣ ទទួលពានរង្វាន់កិត្តិយស “SME Financier of the Year – Asia” ដែលបានផ្តល់ដោយស្ថាប័ន IFC, International Finance Corporation ( World Bank Group) សម្រាប់ការរួមចំណែកគួរឱ្យកត់សម្គាល់ចំពោះសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ធនាគារក៏ទទួលបានពានរង្វាន់អន្តរជាតិពីស្ថាប័ន World Confederation of Business នេះផងដែរ ក្នុងឆ្នាំ២០២៣ គឺពានរង្វាន់ «ធនាគារគួរអោយទុកចិត្ត (Trustful Bank Award)»។ សមិទ្ធផលទាំងនេះប្រាកដជាមិនអាចកើតមានបានឡើយ ប្រសិនបើមិនមានការចូលរួមខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ ការណែនាំដាស់តឿនបង្ហាត់បង្ហាញផ្លូវជាប្រចាំពីលោកអ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលផ្សេងៗទៀត និងជាពិសេសធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធរអាណាព្យាបាល ។