កណ្តាល៖ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៌ ដោយពាំនាំគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា និងថវិកាមួយចំនួន ចែកជូនគ្រួសារក្រីក្រចំនួន៩គ្រួសារ ដែលរស់នៅក្នុងភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
គ្រួសារនិមួយៗទទួលបានអង្ករ២បាវ (១០០គីឡូក្រាម) ត្រីខ១យួរ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ មី១កេស និងថវិកាចំនួន ២០០,០០០រៀល ខណៈកូនៗនៅក្នុងគ្រួសារ ដែលកំពុងសិក្សាទទួលបាន ឯកសណ្ឋានសិស្ស២ឈុត កាបូបស្ពាយ១ សៀវភៅសរសេរ១០ក្បាល និងសម្ភារៈសិក្សា១ឈុត។
ក្នុងកម្មវិធីសំណេះសំណាល លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារប្រៃសណីយ៍ កម្ពុជា បានមានប្រសាសន៍លើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សឱ្យតស៊ូប្រឹងប្រែងសិក្សា ដើម្បីឱ្យខ្លូនមានចំណេះជំនាញច្បាស់លាស់ ពីព្រោះមានតែការមានចំណេះ និងជំនាញទេ ដែលជួយលើកស្ទួយជីវភាពគ្រួសារឱ្យចាកចេញពីភាពក្រីក្រ។
គួរបញ្ជាក់ផងដែរថា ធនាគារ ប្រៃសណីយ៍កម្ពុជា តែងជួយរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ និងសកម្មភាពសង្គមនានា។ កន្លងមក ធនាគារបានរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់សាលា ចូលរួមដាំដើមឈើ សម្អាតទីក្រុង ឧបត្ថម្ភមន្ទីពេទ្យគន្ធបុប្ផា និងអង្គការក្រៅរដ្ឋាភិបាលនានាផងដែរ។