យោបល់សង្ខេបរបស់ប្រធាននាយកប្រតិបត្តិ

សេចក្តីថ្លែងការណ៍ពីប្រធាននាយកប្រតិបត្តិ

លោក តូច ចៅចេក
ប្រធាននាយកប្រតិបត្តិ

“ធនាគារបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់និរន្តរភាពរយៈពេលវែង”

ការព្យាករណ៍របស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានបង្ហាញថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៦,១% ក្នុងឆ្នាំ២០២៤ និង៦,៤% ក្នុងឆ្នាំ២០២៥ ដែលនៅតែទាបជាងចន្លោះឆ្នាំ ២០០០-២០១៩ ដែលកាលនោះសេដ្ឋកិច្ចបានកើនឡើងក្នុងកម្រិតជាមធ្យម៧,៧%។ ធនាគារបានសង្កេតឃើញថាកំណើនឥណទាន (ប្រហែល១៤,៨%) ក្នុងឆ្នាំ ២០២៣ ដែលជាអត្រាកំណើននៅទាបនៅឡើយក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ អាចដោយសារតែការងើបឡើងវិញនៃវិស័យមួយចំនួនរបស់សេដ្ឋកិច្ចកម្ពុជានៅមានកម្រិតនៅឡើយ។ តែទោះជាយ៉ាងណាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅតែមានតួនាទីយ៉ាងសំខាន់បំផុត ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ តែងសម្លឹងមើលទៅអនាគត និងបន្តវិនិយោគលើសមត្ថភាពធនាគារឌីជីថល ជាពិសេសពង្រឹងភាពធន់ផ្នែកបច្ចេកវិទ្យា ដើម្បីឱ្យធនាគារអាចផ្តល់សេវាកម្មជូនអតិថិជនទៅតាមតម្រូវការ មានភាពងាយស្រួល និងដោយរលូន។ ធនាគារយល់ច្បាស់ពីតម្រូវការក្នុងការពង្រឹងសមត្ថភាពបន្ថែម និងការវិនិយោគលើសកម្មភាពថ្មីៗសម្រាប់បំពេញតម្រូវការនាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរថ្មីៗលើប្រព័ន្ធសេវាធនគារ។ ជាលទ្ធផលរូមសម្រាប់ឆ្នាំ២០២៣នេះចំនួនអ្នកប្រើប្រាស់សេវាធនាគារចល័តរបស់ធនាគារបានកើនឡើង៣១% ចំនួនប្រតិបត្តិការបានកើនឡើង១១៧% និងចំនួនគណនីអតិថិជនបានកើនឡើង២៧%។ ធនាគារតែងតែស្វះស្វែងរកដំណោះស្រាយថ្មីៗលើសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត មានភាពបត់បែន សាមញ្ញ និងសុវត្ថិភាពខ្ពស់ជូនអតិថិជន។

ទិដ្ឋិភាពជារួមក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣នេះ សង្កេតឃើញថាអត្រាការប្រាក់សម្រាប់ឥណទានដែលផ្តល់ជូនអ្នកខ្ចីប្រែប្រួលស្រកទាបតិចតួច ខណៈអត្រាការប្រាក់សម្រាប់បញ្ញើសន្សំបានកើនឡើងខ្លាំង ដែលនេះបានបណ្តាលឱ្យអត្រាប្រាក់ចំណេញរបស់ធនាគារភាគច្រើនស្រកចុះធៀបទៅនឹងឆ្នាំ២០២២ ហើយធនាគារក៏កំពុងប្រឈមផងដែរនូវការកើនឡើងអត្រាឥណទានមិនដំណើរការ ដោយមិនទាន់មានសញ្ញាបង្ហាញថាមានការថមថយនៅឡើយទេ។ តែជារួមធនាគារប្រៃសណីយ៍កម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ធនាគានៅតែបន្តរីកចម្រើនប្រកបដោយស្ថិរភាពទាំងប្រាក់ចំណេញ ទំហំប្រតិបត្តិការ និងការគ្រប់គ្រងឥណទានមិនដំណើការប្រកបដោយប្រសិទ្ធិភាព។ ជាលទ្ធផលផ្នែកហិរញ្ញវត្ថុនៅឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់១,៤៦ពាន់លានដុល្លារអាមេរិក ស្មើនឹង១៣,៦% ផលប័ត្រឥណទានកើនឡើងដល់១,០៩ពាន់លានដុល្លារអាមេរិក ស្មើនឹង៧,៣% សមតុល្យប្រាក់សន្សំកើនឡើងដល់១,០៥ ពាន់លានដុល្លារអាមេរិក ស្មើនឹង១៤,៦% និងនៅតែរកបានប្រាក់ចំណេញ ២៣លានដុល្លារអាមេរិកប្រហាក់ប្រហែលនឹងឆ្នាំ២០២២ដែរ ចំណែកដៃគូអាជីវកម្មរបស់ខ្លូនបានកើនឡើងរហូតដល់៧៤%។

ដោយយល់ឃើញស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងផលលំបាកមួយចំនួនទាក់ទងនឹងការសងត្រឡប់នៃឥណទាន ក្រុមការងារបស់ធនាគារបានខិតខំប្រឹងប្រែងទ្វេដង ដោយយមានផែនការយុទ្ធសាស្រ្តច្បាស់លាស់ មានយន្តការចាត់ចែងនិងគ្រប់គ្រងហានិភ័យប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព រួមនឹងការប្តេជ្ញាចិត្តដោយមិនងាករេក្នុងការបម្រើអតិថិជន នោះភាពជោគជ័យរបស់ធនាគារនឹងកើតមានឡើងក្នុងឆ្នាំបន្តបន្ទាប់ទៅមុខទៀតស្របតាមគោលដៅចម្បងរបស់ធនាគារ គឺជាធនាគាររីកចម្រើនប្រកប ដោយស្ថេរភាព និងជានិរន្ត។

ធនាគារក៏បានពង្រីកបណ្តាញការិយាល័យសាខារបស់ខ្លួនរហូតដល់៦២សាខា ខណៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារគឺ ហ្វូណនមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏មានសាខាចំនួន៥១សាខា នៅទូទាំងប្រទេសកម្ពុជាផងដែរ។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បានផ្លាស់ប្តូរស្នាក់ការកណ្តាលរបស់ខ្លួនទៅទីតាំងអគារថ្មីធំទូលាយគឺ «វិមានប្រៃសណីយ៍កម្ពុជា»។ ធនាគារជឿជាក់ថាការផ្លាស់ប្តូរនេះមិនត្រឹមតែបានលើកទឹកចិត្តបុគ្គលិករបស់ធនាគារប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យអតិថិជនរីករាយក្នុងការទទួលសេវាកម្មនៅក្នុងអគារដែលបានរចនាយ៉ាងស្រស់ស្អាត និងទាន់សម័យ។ ធនាគារក៏បានសហការជាមួយធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទ (ARDB) ក្រោមគម្រោងធ្វើពិពិធកម្មវិស័យកសិកម្មកម្ពុជា (CASDP) ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មចម្រុះ ធនាគារក៏បានបន្តកិច្ចសហប្រតិបត្តិការលើគម្រោងកិច្ចធានាឥណទានជាមួយ CGCC និងគម្រោងសហហិរញ្ញប្បទានដើម្បីគាំទ្រ សហគ្រាសធុនតូច និងមធ្យម ជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) របស់រាជ្យរដ្ឋាភិបាល ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។

សមិទ្ធិផលទាំងអស់ដូចបានរៀបរាប់ខាងលើក្នុងឆ្នាំ២០២៣ គឺបានមកពីការរួមចំណែកពីបុគ្គលិកគ្រប់លំដាប់ថ្នាក់របស់ធនាគារ និងការណែនាំតម្រង់ទិសពីប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់។ ធនាគារសូមថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងក្នុងឆ្នាំកន្លងមក សមាជិកក្រុមប្រឹក្សាភិបាល និងភាគទុនិក រាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្រជាបន្តបន្ទាប់ដល់ធនាគារប្រៃសណីយ៍កម្ពុជា។ ធនាគារក៏សូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះធនាគារជាតិនៃកម្ពុជា ដែលបានកំណត់យុទ្ធសាស្ត្រទាន់ពេលវេលា ដើម្បីរក្សាស្ថិរភាពនៃសេដ្ឋកិច្ចកម្ពុជាទាំងមូល និងសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់សម្រាប់ការជឿជាក់ និងគាំទ្រធនាគារកន្លងមក។ អធនាគារនៅតែបន្តការប្តេជ្ញាចិត្តបម្រើអតិថិជនអោយអស់ពីសម្ថភាព និងស្វែងរកបទពិសោធន៍ថ្មីបន្ថែមជូនអតិថិជនទាំងអស់។