នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០ ធនាគារ ប្រៃសណីយកម្ពុជា បានធ្វើការប្រារព្ធពិធីអបអរសាទរខួបគម្រប់ ៧ឆ្នាំ ដែលបានរៀបចំឡើងនៅសណ្ឋាគារតារាអ៊ែរផត រាជធានីភ្នំពេញ។ ធនាគារបានប្រារព្ធពិធីនេះឡើងក្នុងគោលបំណងអបអរសាទរការសម្រេចបានទ្រព្យសកម្ម ១,០០០,០០០,០០០ ដុល្លារអាមេរិកត្រឹមរយៈពេល ៧ឆ្នាំនៃប្រតិបត្តិការ និងការប្រគល់វិញ្ញាបនបត្រ និងពានកិត្តិយសជូនដល់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ដែលបានចូលបម្រើការងារជាមួយធនាគារអស់រយៈពេល ៧ឆ្នាំចាប់តាំងពីធនាគារបើកដំណើរការដំបូងមកម៉្លេះ។
កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប្រៃសណីយ៍កម្ពុជា និងជាទីប្រឹក្សាក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា លោក រស់ ភិរុណ ក្រុមប្រឹក្សាភិបាល នៃធនាគារ ប្រៃសណីយ៍កម្ពុជា លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា និងគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់របស់ធនាគារ ព្រមទាំងទទួលបានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសមកពីស្ថាប័នជាច្រើនទៀតរួមមាន អ្នកតំណាងក្រុមហ៊ុនបុត្រសម័្ពន្ធ អ្នកតំណាងក្រសួង-ស្ថាប័នហិរញ្ញវត្ថុ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុល្បីៗក្នុងប្រទេស និងក្រុមហ៊ុនហិរញ្ញវត្ថុសំខាន់ៗនៅក្នុងតំបន់។
នាពិធីដ៏មហោឡារិកនេះ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍លើកឡើងថា៖ “សម្រាប់ប្រតិបត្តិការរបស់ធនាគារក្នុងឆ្នាំ២០២០នេះ បើទោះបីមានផលប៉ះពាល់ដោយជំងឺរាតត្បាតជាសកលកូវីត១៩ក៏ដោយ ក៏ធនាគារនៅតែបន្តការរីកចម្រើនរបស់ខ្លួនមិនថមថយដែរ រួមទាំងមានការរីកចម្រើនទាំងបណ្តាញប្រតិបត្តិការ និងទ្រព្យសកម្ម ដោយគិតត្រឹមថ្ងៃនេះ ជាថ្ងៃគម្រប់ខួបនៃប្រតិបត្តិការរយៈពេល ៧ឆ្នាំ ធនាគារបានសម្រេចសមិទ្ធផលសំខាន់ៗដូចខាងក្រោម៖ ទ្រព្យសកម្មសរុប ១០០៦លានដុល្លារអាមេរិក, មានគណនីអតិថិជនសរុបចំនួនជាង ១០០ពាន់គណនី, មានចំណូលសរុប ៦១,៤លានដុល្លារអាមេរិក និងចំណូលសរុបរួមជាមួយបុត្រសម្ព័ន្ធ មានចំនួន ៧១,៥ លានដុល្លារអាមេរិក”។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក៏បានមានប្រសាសន៍លើកឡើងថា៖ “ធនាគារ ប្រៃសណីយ៍កម្ពុជា ផ្តួចផ្តើមក្នុងការបង្កើតឡើងដំបូងក្រោមគោលគំនិតដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូនសេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋកម្ពុជា មិនត្រឹមតែប៉ុណ្ណោះការមើលឃើញភាពរីកចម្រើនរបស់ធនាគារ ប្រៃសណីយ៍របស់បណ្តាប្រទេសនៅអាស៊ីមួយចំនួន ដូចជាចិន កូរ៉េខាងត្បូង ជប៉ុន និងសីង្ហបុរីជាដើម ទើបជាហេតុដែលអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានផ្តួចផ្តើមបង្កើតនូវធនាគារ ប្រៃសណីយ៍នេះឡើងនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់បណ្តាញការិយាល័យ ប្រៃសណីយ៍កម្ពុជាទូទាំងប្រទេស”។
លោក តូច ចៅចេក បានមានប្រសាសន៍បន្ថែមទៀតថា “ការសម្រេចបានទ្រព្យសកម្មចំនួន ១ពាន់លានដុល្លារអាមេរិកនេះ គឺជាប្រវត្ថិសាស្រ្តដ៏អស្ចារ្យសម្រាប់ធនាគារ ប្រៃសណីយ៍កម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះគឺ ធនាគារអាចសម្រេចបានសមិទ្ធផលមួយនេះត្រឹមតែរយៈពេល ៧ឆ្នាំប៉ុណ្ណោះ។ ជោគជ័យនេះសម្រេចបានដោយមានកត្តាជាច្រើនរួមផ្សំគ្នាដូចជា ដៃគូអាជីវកម្ម កម្លាំងហិរញ្ញវត្ថុ និងធនធានមនុស្ស។
បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២០នេះ ធនាគារ ប្រៃសណីយ៍កម្ពុជា មានសន្ទុះខ្លាំងយ៉ាងខ្លាំងក្នុងការពង្រីកបណ្តាញប្រតិបត្តិការសាខារបស់ខ្លួនដើម្បីផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនឱ្យស្របតាមចក្ខុវិស័យដែលធនាគារបានកំណត់។ ការយកចិត្តទុកដាក់លើការបម្រើសេវាអតិថិជន និងការពង្រីកបណ្តាញប្រតិបត្តិការសាខារបស់ខ្លួនបែបនេះ ទើបធនាគារសម្រេចបាននូវទ្រព្យសកម្មសរុបរហូត ១,០០០,០០០,០០០ ដុល្លារអាមេរិកដែលឆ្លុះបញ្ចាំងឱ្យឃើញពីសក្តានុពល និងកេរ្ត៍ឈ្មោះរបស់ធនាគារក្នុងរយៈពេលយ៉ាងខ្លីជាមួយសមិទ្ធិផលជាច្រើន។
អំពីធនាគារ៖
ធនាគារ ប្រៃសណីយ៍កម្ពុជា ឬហៅកាត់ថា CPBank ដែលបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ2013 ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង និងប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយនឹងចក្ខុវិស័យក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជាដែលផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជន គ្រប់កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងនៃភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តរ៍ដល់ភាគទុនិក បុគ្គលិក និងសង្គមផងដែរ។
ក្នុងឆ្នាំ2020 ធនាគារបានសម្រេចបាននូវពានរង្វាន់ឆ្នើមរហូតដល់ 2ប្រភេទពីស្ថាប័នចំណាត់ថ្នាក់ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរួមមាន ពានរង្វាន់ឆ្នើម “Best Retail Bank Cambodia 2020” ពី International Business Magazine និងពានរង្វាន់ឆ្នើម “Fastest Growing Retail Bank Cambodia 2020” ពី Global Banking and Finance Review ដែលសបញ្ជាក់យ៉ាងច្បាស់ពីភាពរីកចម្រើន និងការយកចិត្តទុកដាក់បំផុតក្នុងការនាំយកនូវផលិតផល និងសេវាកម្មប្រកបដោយគុណភាព និងការច្នៃប្រឌិតជូនអតិថិជនគ្រប់កម្រិតជីវភាព។
ធនាគារបាននាំយកនូវសេវាហិរញ្ញវត្ថុដ៏ច្រើនសម្បូរបែបដើម្បីបម្រើជូនអតិថិជនរួមមាន សេវាបញ្ញើសន្សំ សេវាឥណទាន សេវាធនាគារតាមទូរសព្ទ ប័ណ្ណឥណពន្ធ និងឥណទានវីសា សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាប្តូរប្រាក់ ម៉ាស៊ីនអេធីអឹម ដកប្រាក់ ដាក់ប្រាក់ 24/7។