នាថ្ងៃសុក្រ ទី08 ខែមករា ឆ្នាំ2020 CPBank បានរៀបចំមហាសន្និបាទប្រចាំឆ្នាំលើកទី 7 ដែលបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកាទាំង 58សាខាទូទាំងប្រទេស។ ដំណើរប្រព្រឹត្តិទៅនៃមហាសន្និបាទនេះត្រូវបានធ្វើឡើងដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងកំឡុងពេលនៃរោគរាតត្បាតជាសកលនៃជំងឺកូវីដ-19 លើការរក្សាគម្លាតសង្គម និងការរក្សាអនាម័យ។
មហាសន្និបាទនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ2020 និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ2021។ មិនត្រឹមតែប៉ុណ្ណោះ មហាសន្និបាទនេះក៏បានរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍ផ្នត់គំនិតផ្នែកដឹកនាំ និងផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការកំណត់ផែនការយុទ្ធសាស្រ្តធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានការផ្តល់សេវាហិរញ្ញវត្ថុល្អបំផុត។ លើសពីនេះ គណៈគ្រប់គ្រង CPBank ក៏បានធ្វើការប្រគល់ជាវិញ្ញាបនបត្រជូនសាខាឆ្នើម និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ2020 ផងដែរ។
គូសបញ្ជាក់ផងដែរថាគិតត្រឹមឆ្នាំ2020 CPBank សម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យជាច្រើនរួមមាន៖
- ទ្រព្យសកម្មសរុបកើនឡើងរហូតដល់ជាង 1ពាន់លានដុល្លារអាមេរិក
- បណ្តាញប្រតិបត្តិការ 58សាខាទូទាំងប្រទេស រួមបញ្ចូលទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ចំនួន 51សាខា និងម៉ាស៊ីន ATM ចំនួន 66 ទីតាំង
- ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ កម្រិតមាស ពីអគ្គនាយកដ្ឋាន ពន្ធដារ
- ដំណើរការប្រព័ន្ធធនាគារឌីជីថលមុខងារថ្មីជាច្រើនរួមមាន ការស្នើសុំបើកគណនី និងការស្នើសុំឥណទានតាមរយៈអនឡាញ ប្រព័ន្ធLOS ដំណើរការប័ណ្ណឥណទានវីសា ការផ្ទេរប្រាក់ឆ្លងធនាគារតាមប្រព័ន្ធបាគង, Retail Bank, CSS និង Fast
- ទទួលបានប្រសិទ្ធនាមជាធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី “Best Bank for Women Entrepreneurs 2020” ពី International Finance Corporation (IFC) និង SME Finance Forum
- ទទួលបានប្រសិទ្ធនាមជាធនាគារឆ្នើម “Fastest Growing Retail Bank Cambodia 2020” ពី Global Banking and Finance Review
- ទទួលបានប្រសិទ្ធនាមជាធនាគារឆ្នើម “Best Retail Bank Cambodia 2020” ពី International Business Magazine
ជាកិច្ចចុងក្រោយនៃមហាសន្និបាទ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank ក៏បានសម្តែងនូវការកោតសរសើរដល់គណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ ចំពោះកិច្ចសហការគ្នា និងកិច្ចខិតខំប្រឹងប្រែងបានយ៉ាងល្អក្នុងការអនុវត្តន៍ការងាររយៈពេលពេញមួយឆ្នាំ ជាពិសេសសូមឱ្យគណៈគ្រប់គ្រង នាយក នាយិកាសាខា និងបុគ្គលិកទាំងអស់ត្រូវខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងឡើងក្នុងឆ្នាំ2021 ខាងមុខ និងបានប្រសិទ្ធពរជ័យសព្វសាធុកាចូលមានដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់កុំបីឃ្លៀងឃ្លាតឡើយ។