CPBank | ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១
នាឱកាសអបអរសាទរខួបលើកទី១១០ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ គណៈគ្រប់គ្រងរបស់ CPBank បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះបុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកជាស្រ្តីដែលបានបំពេញតួនាទី និងអនុវត្តភារកិច្ចប្រកបដោយលទ្ធផលផ្លែផ្កា និងស្មារតីទទួលខុសត្រូវ។ ក្នុងឱកាសនេះផងដែរ ធនាគារក៏បានប្រគល់ជូនបុគ្គលិកជូនស្ត្រីទាំងអស់នូវកាដូអានុស្សាវរីយ៍ជាច្រើន ដើម្បីបង្ហាញឱ្យឃើញនូវកាយវិការយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះការលះបង់ក្នុងការបំពេញភារកិច្ចការងារនាពេលកន្លងមក។
ដោយហេតុថា CPBank តែងតែផ្តល់គុណតម្លៃ និងលើកកម្ពស់វិសមភាពយែនឌ័រជូនដល់គ្រប់បងប្អូនស្រ្តីកម្ពុជាទាំងអស់តាមគ្រប់រូបភាព ដូចជាការផ្តល់ឱកាសការងារជាច្រើនកន្លែងជូនបុគ្គលិកជាស្រ្តី និងការជួយបំពេញនូវតម្រូវការសេវាហិរញ្ញវត្ថុជូនអតិថិជនស្រ្តីជាច្រើននៅពាសពេញផ្ទៃប្រទេសកម្ពុជា ទើបជាហេតុបណ្តាលឱ្យធនាគារបានទទួលបានប្រសិទ្ធនាមជា “ធនាគារឆ្នើមសម្រាប់សហគ្រិនស្រ្តី” ពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម (SME Finance Forum) នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ។
លើសពីនេះទៅទៀតជារៀងរាល់ឆ្នាំ ធនាគារបានចូលរួមឧបត្ថម្ភជូនមន្ទីរពេទ្យគុន្ធបុប្ផា ដើម្បីជាការចូលរួមចំណែកក្នុងការជួយសង្គ្រោះកុមារ និងការសម្រាលបន្ទុករបស់មាតាជាច្រើនរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរ សម្រាប់ឆ្នាំ២០២០ វិញ ធនាគារបានឧបត្ថម្ភថវិកាសរុបចំនួន ២០១ ៤១៦ ៨៤៨ រៀលជូនមន្ទីរពេទ្យគុន្ធបុប្ផាផងដែរ។
គូសបញ្ជាក់ដែរថា បើគិតមកទល់សព្វថ្ងៃនេះ ធនាគារបានផ្តល់ឱកាសជូនបុគ្គលិកស្រ្តីចូលរួមបម្រើការងារជាមួយធនាគាររហូតដល់ជាង ៣២% ស្មើនឹងជាង ៥០០នាក់ នៃបុគ្គលិកសរុបជាង ២០០០នាក់ ដោយយើងសង្ឃឹម និងប្តេជ្ញាថាមិនលើស ៥ឆ្នាំខាងមុខ ធនាគារនឹងផ្តល់ឱកាសការងារជាមួយធនាគារជូនបងប្អូនស្រ្តីកម្ពុជាយើងយ៉ាងតិចបំផុតឱ្យបាន ៥០% ឬលើសពីនេះ។