ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ វិនិយោគ ១០ លានដុល្លារ លើមូលបត្របំណុលរបស់ក្រុមហ៊ុនCAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ
កាលបរិច្ឆេទ៖ ថ្ងៃអង្គារ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ពិធីចុះហត្ថលេខានេះធ្វើឡើងរវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាង ដោយ លោកឆារស៍ វ៉ាន់ Charles Vann ជានាយក និងធនាគារប្រៃសណីយ៍កម្ពុជា តំណាងដោយ លោក តូច ចៅចក ជាប្រធាននាយកប្រតិបត្តិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ សម្រាប់ការវិនិយោគទឹក ប្រាក់ចំនួន ១០លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានារបស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ (ការបោះផ្សាយជាលក្ខណះបុគ្គល)។
ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្ដាល គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន 28% ត្រូវនឹងទឹកប្រាក់សរុប 375 លានដុល្លារអាមេរិច(ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួច ដោយ CAIC)។
អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល (tenor) 3ឆ្នាំហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។
ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការ អភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាស យាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។
CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគនៅ ប្រទសកម្ពុជា ដែលត្រូវបានបង្កើត ឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ុនវេសមិន ហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡីតុនហ្វាយណាន់សិល្យហូលឌី ង។ ធនាគារមានសន្ទុះនៃការអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងខ្លាំងគិតត្រឹមរយៈពេល ជាង ៨ឆ្នាំចុងក្រោយនេះ ដោយ ធនាគារមានចក្ខុវិស័យក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជាដែលផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់ កម្រិតដើម្បីលើកកម្ពស់ជីវភាព និងជួយបំពេញបំណងនៃភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា ហើយបង្កើតតម្លៃជានិរន្តរ៍ ដល់ភាគទុនិក បុគ្គលិក និងសង្គមផងដែរ។