សារប្រសិទ្ធពរ ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រធាននាយកប្រតិបត្តិ

ក្នុង​ឱកាស ឆ្នាំ​ថ្មីប្រពៃណីជាតិខ្មែរ ២០១៨ ខ្ញុំ​សូម​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ និង​ថ្លែង​នូវ​អំណរ​គុណ​ដ៏​ស្មោះ​ស្ម័គ្រ ឧត្ដុង្គ​ឧត្ដម​បំផុត ចំពោះ​ភាគទុនិក ក្រុម​ប្រឹក្សា​ភិបាល ថ្នាក់​គ្រប់​គ្រង និង​បុគ្គលិកទាំងអស់ ដែល​បាន​ចូល​រួម​អនុវត្ដ​ការងារ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ តាម​តួនាទី​រៀងៗ​ខ្លួន ស្រប​តាម​ទស្សនៈវិស័យ និងបេសកកម្ម របស់​ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជា​ពិសេស​សូម​គោរព​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​គាំទ្រ​របស់​ធនាគារ​ជាតិ នៃ​កម្ពុជា ជា​អាណា​ព្យាបាល និង​អតិថិជន​ភក្តីភាព ជា​ទីគោរព​ទាំង​អស់។ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បាន​ចូល​រួម​ផ្តល់​សេវា​កម្ម​ហិរញ្ញវត្ថុ​រយៈ​ពេល​ជិត ៥ឆ្នាំ ជា​មួយ​នឹង​ការ​បន្ត​អភិវឌ្ឍន៍​បច្ចេក​វិជ្ជា​ហិរញ្ញវត្ថុ ឱ្យ​កាន់​តែ​ទំនើប​ទាន់​សម័យ និង​ងាយ​ស្រួល​ប្រើ​ប្រាស់​ជូន​ដល់​សាធារណជន និង​អតិថិជន ព្រម​ទាំង​រក្សា​បាន​នូវ​គុណភាព​បម្រើ​សេវា​អតិថិជនដ៏​ល្អ​​ក្នុង​វិស័យ​ហិរញ្ញវត្ថុ តាម​រយៈ​យុទ្ធសាស្រ្ត​សម្បូរ​បែប។ ក្នុង​ឱកាស ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០១៨ នេះ សូម​ភាគទុនិក ក្រុម​ប្រឹក្សា​​ភិបាល ថ្នាក់​គ្រប់​គ្រង សហការី និង​ក្រុម​គ្រួសារ​ទាំង​អស់ ទទួល​បាន​នូវ​សេចក្តី​សុខកាយ សប្បាយ​ចិត្ត ចម្រើន​រុង​រឿង ជោគ​ជ័យ សិរី​មង្គល​ត​រៀង​ទៅ ព្រម​ទាំង​សម្រេច​ផល​តាម​ផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​កំណត់ ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ដ៏​ឧត្តុង្គ​ឧត្តម កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ៕
ថ្ងៃ​សុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១
រាជ​ធានី​ភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨
ប្រធាន​នាយក​ប្រតិបត្តិ
លោក តូច ចៅចេក