ប្រវត្តិរបស់ធនាគារ
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាធនាគារពាណិជ្ជមួយដែលរីកចម្រើនលឿនបំផុតក្នុងចំណោមធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ។ ធនាគារបានវិវឌ្ឍខ្លួនទៅជាធនាគារពាណិជ្ជដ៏ល្អបំផុតមួយសម្រាប់អតិថិជនទូទៅនៅក្នុងប្រទេសកម្ពុជា ដោយបានទទួលយកការអនុវត្តន៍ជាសាកលល្អបំផុត និងស្ថិតនៅជួរមុខគេក្នុងការទទួលយកគំនិតផ្តួចផ្តើមថ្មីៗផ្នែកបច្ចេកវិទ្យា។ ធនាគារ វាស់ស្ទង់ភាពជោគជ័យរបស់ខ្លួន មិនត្រឹមតែតាមរយៈចំនួនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែធនាគារក៏មើលទៅលើសមិទ្ធផលសំខាន់ៗនានា ក្នុងការបំពេញតម្រូវការកើនឡើងរបស់អតិថិជន ដែលជួយឱ្យធនាគារ ក្លាយជាធនាគារដែលមានការប្រកួតប្រជែងធំបំផុតមួយ នៅក្នុងប្រទេសកម្ពុជា។
ក្នុងរយៈពេល១០ឆ្នាំនៃប្រតិបត្តិការ ធនាគារបានបោះជំហានយ៉ាងលឿនក្លាយជាធនាគារបែបឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតតាមរយៈទូរសព្ទដៃ។ បច្ចុប្បន្ន អតិថិជនអាចស្នើសុំឥណទាន និងស្នើសុំបើកគណនីតាមប្រព័ន្ធអនឡាញ ទូទាត់វិក្កយបត្រ និងធ្វើប្រតិបត្តិការនានា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ។ ធនាគារ ក៏បានដាក់ឱ្យប្រើប្រាស់នូវមុខងារ QRស្កេន ទូទាត់វិក្កយបត្រ សេវាបង់ប្រាក់ពន្ធ-អាករ សេវាផ្ទេរ និងទទួលប្រាក់ឆ្លងប្រទេស សេវាផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធបាគង ប្រព័ន្ធរីធែលផេ(Retail Pay) និងប្រព័ន្ធទូទាត់រហ័ស (FAST) បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ និងមុខងារជាច្រើនផ្សេងទៀត ដែលធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុមានភាពងាយស្រួល និងមានសុវត្ថិភាព។ ដើម្បីធានាបាននូវសុវត្ថិភាព និងទំនុកចិត្តកាន់តែខ្ពស់ពីអតិថិជនក្នុងការធ្វើប្រតិបត្តិការនានាតាមប្រព័ន្ធឌីជីថល ធនាគារមិនត្រឹមតែមានប្រព័ន្ធប្រតិបត្តិការធានាសុវត្ថិភាព ២៤/៧ ប៉ុណ្ណោះទេ ធនាគារថែមទាំងបានធ្វើបច្ចុប្បន្នភាព (អាប់គ្រេត) ប្រព័ន្ធធនាគារស្នូលផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារក៏មានសេវាធនាគារ ៣៦៥ថ្ងៃ ដែលបម្រើសេវាធនាគារជូនអតិថិជនជារៀងរាល់ថ្ងៃ ទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យជាតិផងដែរ។
បច្ចុប្បន្ន ធនាគារសម្រេចបាននូវទ្រព្យសកម្មសរុបជាង ១,៤៦ ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាលាតសន្ធឹងពេញផ្ទៃប្រទេសចំនួន ៦២សាខា ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់ សរុបជាង ៣២៤ទីតាំង ចំនួនគណនីអតិថិជន សរុបជាង៣៥០.០០០គណនី ចំនួនប័ណ្ណអេធីអឹម និងប័ណ្ណឥណពន្ធ សរុបជាង ១២៣.០០០ប័ណ្ណ និងដៃគូអាជីវកម្ម សរុបជាង៦៣.០០០កន្លែងទូទាំងប្រទេស។ ធនាគារ ក៏បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានា ដូចជា វីង និងទ្រូម៉ាន់នី ដែលធ្វើឱ្យអតិថិជនអាចទូទាត់សងប្រាក់កម្ចីវិញបានកាន់តែងាយស្រួល។ ធនាគារ បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតមានដូចជា អេ អឹម ខេ និងអម្រឹត ដែលអនុញ្ញាតឱ្យអតិថិជននៃស្ថាប័ននេះ អាចដកប្រាក់ពីម៉ាស៊ីនអេធីអឹមទៅវិញទៅមកដោយឥតគិតថ្លៃ ដោយប្រើប្រាស់ប្រព័ន្ធ CSS របស់ ធនាគារជាតិនៃកម្ពុជា។ ធនាគារចូលរួមក្នុងគំនិតផ្តួចផ្តើមផ្សេងៗរបស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចឡើងវិញតាមរយៈ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា។ ទាំងនេះ គឺជាការគាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកនៃយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចក្នុងបរិបទថ្មី ២០២១-២០២៣។
ធនាគារ ក៏សម្រេចបាននូវប្រសិទ្ធនាម និងពានរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។ នៅក្នុងឆ្នាំ២០២៣ ធនាគារ បានទទួលពានរង្វាន់កិត្តិយស Honorable Mention in the “SME Financier of the Year – Asia” ដែលរៀបចំឡើងដោយ International Finance Corporation (IFC) និង វេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម (SME Finance Forum) សម្រាប់ការរួមចំណែកគួរឱ្យកត់សម្គាល់ចំពោះសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក៏បានឈ្នះពានរង្វាន់ “Peak of Success Best Retail Bank 2023” និង “Peak of Success – Trustful Bank in 2022 Award” ពីស្ថាប័ន World Confederation of Business។
ធនាគារប្តេជ្ញាក្នុងការកសាងគោលជំហរដ៏មុតមាំមួយប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងបទដ្ឋានត្រឹមត្រូវក្នុងការថែរក្សា និងលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីនាំយកផលិតផល និងសេវាកម្មល្អបំផុតជូនអតិថិជន នៅក្នុងប្រទេសកម្ពុជា។ ធនាគារកំពុងព្យាយាមសម្រេចឱ្យបាននូវ ចក្ខុវិស័យ “គ្រួសារមួយ គណនីមួយ”។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ មានបណ្តាញប្រតិបត្តិការ ចំនួន ៥១សាខា គ្របដណ្តប់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសផងដែរ។ ធនាគារផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារដ៏ធំនៅកម្ពុជា។ ធនាគារប្តេជ្ញារចនា និងផ្តល់នូវផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជូនអតិថិជន និងកំណត់ស្តង់ដារសេវាកម្មល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា។
កាណាឌីយ៉ា អ៊ីវេសមិនហូលឌីង ភីអិលស៊ី
កាណាឌីយ៉ា អ៊ីនវេសមិនហូលឌីង ភីអិលស៊ី ជាក្រុមហ៊ុនវិនិយោគលើវិស័យហិរញ្ញវត្ថុដ៏ធំ និងគួរឱ្យទុកចិត្តមួយនៅក្នុងប្រទេសកម្ពុជា។ កាណាឌីយ៉ាអ៊ីនវេស មិនហូលឌីង មានទ្រព្យសកម្មសរុបប្រមាណច្រើនជាង ១០ពាន់លានដុល្លារអាមេរិក គិតត្រឹមចុងឆ្នាំ២០២៣។ កាណាឌីយ៉ាអ៊ីនវេសមិនហូលឌីង មានក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខា ទាំងអស់ចំនួន៨ ស្ថាប័ន ក្នុងការផ្តល់នូវសេវាធនាគារនិងហិរញ្ញវត្ថុ(សាជីវកម្មសហគ្រាសខ្នាតធំ ខ្នាតតូច និងមធ្យម) មីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងទូទៅ និង ទីផ្សារមូលបត្រក្នុងប្រទេសកម្ពុជា។ កាណាឌីយ៉ា អ៊ីនវេសមិនហូលឌីង មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងទីផ្សារកម្ពុជា និងធ្វើប្រតិបត្តិការដោយមានវិន័យ និងប្រកបដោយទំនួលខុសត្រូវក្នុងសង្គម។
ប្រៃសណីយ៍កម្ពុជា (នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា)
ប្រៃសណីយ៍កម្ពុជា គឺជាសហគ្រាសសាធារណៈ លក្ខណៈជាក្រុមហ៊ុនរបស់រដ្ឋ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍(MPTC) និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។
ប្រៃសណីយ៍កម្ពុជា ទទួលបានសិទ្ធិអំណាចពិសេសដែលផ្តល់ដោយរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រនូវគោលបំណង បេសកកម្ម ចក្ខុវិស័យ និង គោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចក្ខុវិស័យរបស់ប្រៃសណីយ៍កម្ពុជា គឺលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ឋបណ្ដាញតភ្ជាប់ និងបង្កលក្ខណៈ ងាយស្រួលឱ្យប្រជាជនអាចប្រើប្រាស់ និងទទួលផលប្រយោជន៍ពីវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT ទាំងក្នុងប្រទេសក្នុងតំបន់ និង ពិភពលោក ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រ។