យោបល់សង្ខេបរបស់ប្រធានក្រុមប្រឹក្សាភិបាល

Message from the Chairman

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ
ប្រធានក្រុមប្រឹក្សាភិបាល

“ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ដែលបានធ្លាក់ចុះដោយសារជំងឺកូវីដ១៩ និងបានជួយរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុទាំងមូល។”

បន្ទាប់ពីការដំឡើងអត្រាការប្រាក់៧ដងក្នុងឆ្នាំ២០២២ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាខ្ពស់បំផុត ធនាគារកណ្តាលសហព័ន្ធ បានបង្កើនការប្រាក់លើឥណទានរយៈពេលខ្លី រហូតដល់ទៅបួនដង ដោយកើនឡើងទៅដល់ចន្លោះពី៥,២៥% ទៅ៥,៥% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល២២ឆ្នាំ ចុងក្រោយ។ អត្រាការប្រាក់កើនឡើងបានបង្អាក់តម្រូវការអ្នកប្រើប្រាស់ ការវិនិយោគ និងពាណិជ្ជកម្មពិភពលោក។ យើងក៏បានឃើញភាពចលាចលនៅក្នុងវិស័យធនាគារក្នុងសហរដ្ឋអាមេរិក និងការបរាជ័យរបស់ Credit Suisse ផងដែរ។ ទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ទោះបីជាមានកំណើនយឺតជាងការរំពឹងទុកក្នុងឆ្នាំ២០២៣ ដែលត្រូវបានគេព្យាករក្នុងកម្រិត៥,៦% ខណៈការនាំចេញធ្លាក់ចុះ។ ក្នុងលក្ខខណ្ឌនេះក៏ដោយ ក៏ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នៅតែអាចសម្រេចបានលទ្ធផលគាប់ប្រសើរផងដែរ។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នៅតែឈរជើងបានយ៉ាងរឹងមាំក្នុងប្រទេសកម្ពុជាជាមួយនឹងកំណើនតារាងតុល្យការដ៏រឹងមាំ និងការគ្រប់គ្រងហានិភ័យប្រកបដោយការប្រុងប្រយ័ត្ន ដែលធ្វើឱ្យធនាគារក្លាយជាដៃគូដ៏សំខាន់របស់អតិថិជន សហគមន៍ និងប្រទេសកម្ពុជាទាំងមូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

ចក្ខុវិស័យរបស់ធនាគារ គឺការលើកកម្ពស់ជីវភាព និងជួយបំពេញបំណងរីកចម្រើនរបស់ប្រជាជនកម្ពុជា នេះគឺបានបង្ហាញពីសុទិដ្ឋិនិយម និងតួនាទីរបស់ធនាគារ ក្នុងការជួយដល់កំណើនសេដ្ឋកិច្ច រួមចំណែកដល់ភាពរុងរឿងរបស់ប្រទេស និងជួយដល់អតិថិជនឱ្យសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។ លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានបង្ហាញពីវិសាលភាពនៃកិច្ចខិតខំប្រឹងប្រែង និងការវិនិយោគរបស់ធនាគារនៅក្នុងប្រព័ន្ធគ្រប់គ្រង ប្រព័ន្ធសុវត្ថិភាព និងផលវិជ្ជមាននៃសេវាកម្ម និងគំរូអាជីវកម្មរបស់ធនាគារ។ រាប់ចាប់ពីបុគ្គលិករហូតដល់ក្រុមប្រឹក្សាភិបាល ភាគទុនិក និងនិយ័តករ សុទ្ធតែត្រូវសម្របខ្លួនក្នុងបរិយាកាសធុរកិច្ចថ្មី ពិនិត្យមើលឡើងវិញនូវគំរូអាជីវកម្ម សេវាកម្ម និងតួនាទីរបស់ធនាគារនៅក្នុងវិស័យ នាពេលអនាគត។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល ខ្ញុំមានមោទនភាពចំពោះតួនាទីដែលធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមជំរុញការរីកចម្រើនរបស់ប្រទេសជាតិ។ តាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ធនាគារបានរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ដែលបានធ្លាក់ចុះដោយសារជំងឺកូវីដ១៩ និងបានជួយរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុទាំងមូល។ ធនាគារបានដើរតួនាទីយ៉ាងសំខាន់ក្នុងអន្តរការីផ្នែកហិរញ្ញវត្ថុហើយនឹងបន្តដំណើរនេះក្នុងរយៈពេល ១០ឆ្នាំ ខាងមុខ និងលើសពីនេះ។ សមិទ្ធិផល ភាពធន់ និងសមត្ថភាពក្នុងការបង្កើតឡើងវិញក្នុងភាពលំបាក និងការកំណត់តម្រូវការនាពេល ១០ឆ្នាំ ខាងមុខ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងវប្បធម៌របស់ធនាគារ។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ តែងតែត្រៀមខ្លួនសម្រាប់អនាគត និងបម្រើអតិថិជនដោយតែងតែបង្កើតផលិតផលហិរញ្ញវត្ថុផ្សេងៗ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ នៅក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ខ្ញុំប្រាកដថា ភាគទុនិករបស់ធនាគារបានដឹងពីទំហំ និងឥទ្ធិពលរបស់ធនាគារក្នុងប្រទេសកម្ពុជា ហើយក៏បានលើកទឹកចិត្តដល់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ឱ្យខិតខំប្រឹងប្រែងបន្ថែម ដើម្បីសម្រេចបានលទ្ធផលកាន់តែប្រសើរបន្ថែមទៀត។

ខ្ញុំពិតជាមានសេចក្ដីសោមនស្សជាខ្លាំងដែលធនាគារ អាចរក្សាតារាងតុល្យការនៃទ្រព្យសកម្ម១,៤៦ពាន់លានដុល្លារ ដែលក្នុងនោះផលប័ត្រឥណទានបានកើនឡើង៧,៣% ផលប័ត្រប្រាក់បញ្ញើសន្សំបានកើនឡើង១៤,៦% និងទទួលបានប្រាក់ចំណេញ ២៣លានដុល្លារ សម្រាប់ឆ្នាំ២០២៣។ យើងបានគ្រប់គ្រងធនាគារប្រកបដោយប្រសិទ្ធភាព ដោយរក្សាសន្ទនីយភាព និងដើមទុនបានល្អពេញមួយឆ្នាំ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ គឺហ្វូណនមីក្រូហិរញ្ញវត្ថុភីអិលសុីក៏បានគ្រប់គ្រងប្រាក់ចំណេញបានយ៉ាងល្អក្នុងអំឡុងឆ្នាំ២០២៣ផងដែរ។ ធនាគារក៏បានបង្កើនភាពជាដៃគូជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជួយឱ្យធនាគារពង្រីកការផ្តល់ឥណទានសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាបានកាន់តែច្រើន ដែលពន្លឿនវឌ្ឍនភាពនៃសមភាពយេនឌ័រផងដែរ។

ខ្ញុំមានមោទនភាពចំពោះគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារដែលបានខិតខំបំពេញការងារឥតឈប់ឈរ ដែលបង្ហាញពីការប្តេជ្ញាចិត្តចំពោះធនាគារ ក្នុងការផ្តល់សេវាកម្មជូនអតិថិជនកាន់តែប្រសើរ។ ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់សម្រាប់ការបន្តជឿជាក់ និងគាំទ្រកន្លងមក។ ខ្ញុំសូមថ្លែងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ននិយតកម្មទាំងអស់ ជាពិសេសធនាគារជាតិនៃកម្ពុជា សម្រាប់ការគាំទ្រមកលើធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ឥតឈប់ឈរកន្លងមក។ ខ្ញុំសង្ឃឹមថា ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ នឹងបន្តរួមចំណែកបន្ថែមក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។