ភ្នំពេញ៖ ធនាគារ ប្រៃសណីយ៍កម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការផ្តល់សេវាប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ លើទំនិញនាំចេញ-នាំចូលគ្រប់ប្រភេទ តាមរយៈ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានដឹកនាំបុគ្គលិកធនាគារ ចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រុមការងារបច្ចេកទេស នាថ្ងៃអង្គារ៍ ទី២៧ ខែធ្នូ ឆ្នាំ២០២២។
ក្នុងជំនួបសម្តែងការគួរសមនេះ ធនាគារប្រៃសណីយ៍កម្ពុជា ក៏បាននាំយកអង្ករចំនួន ១០តោន ឧបត្ថម្តជូនដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ និងកិច្ចការសង្គមរបស់អគ្គនាយកដ្ឋានផងដែរ។
នាថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០២៣ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី៩ ដែលបានប្រារព្ធឡើងនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក នាយិកា និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២២ ជាច្រើនរូប។
មហាសន្និបាតនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២២ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៣។ មិនត្រឹមតែប៉ុណ្ណោះ មហាសន្និបាតនេះ ក៏បានផ្តល់ឱកាសដល់គណៈគ្រប់គ្រងទាំងអស់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហការគ្នាដើម្បីបង្កើនគុណភាពនៃការគ្រប់គ្រងការងារឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅធ្វើយ៉ាងណាឱ្យអតិថិជនទទួលបានការផ្តល់សេវាហិរញ្ញវត្ថុល្អបំផុត។
លើសពីនេះ គណៈគ្រប់គ្រង ក៏បានធ្វើការប្រគល់ជាវិញ្ញាបនបត្រជូនសាខាឆ្នើម និងបុគ្គលិកឆ្នើមប្រចាំឆ្នាំ២០២២ ផងដែរ។
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ដែលចូលរួមដោយគណៈគ្រប់គ្រង និងបុគ្គលិកធនាគារគ្រប់ជាន់ថ្នាក់ ដោយដើររើសសំរាមសម្អាតបរិស្ថាននៅតាមសួន និងដងផ្លូវសាធារណៈនៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព សោភ័ណភាព និងសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ សកម្មភាពនេះក៏ជាសារក្រើនរំលឹកដល់សាធារណៈជនឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជៀសវៀងការចោលសំរាមពាសវាលពាសកាល ដើម្បីការរស់នៅស្អាត បរិស្ថានស្អាត និងសេចក្តីថ្លៃថ្នូរផងដែរ។
គួបញ្ជាក់ផងដែរថា ស្នាក់ការកណ្តាល និងសាខានៅរាជធានីភ្នំពេញទាំង១២សាខា បានប្រមូលផ្តុំគណៈគ្រប់គ្រង និងបុគ្គលិកប្រមាណ៤០០នាក់ ដើររើសសំរាម សម្អាតបរិស្ថាននៅទីតាំងក្រោមស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយ ចង្វារ) និងតាមបណ្តោយច្រាំងទន្លេសាប ក្នុងខណ្ឌជ្រោយចង្វារ នៅរាជធានីភ្នំពេញ។
បាត់ដំបង៖ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា បាននាំយកនូវថវិកាចំនួន ២០លានរៀល ឧបត្ថម្ភជូនដល់សាលាបឋមសិក្សា-អនុវិទ្យាល័យនិគម ស្ថិតនៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង សម្រាប់កសាងផ្លូវបេតុង និងបំពាក់អំពូលសូឡាតាមដងផ្លូវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ។
បន្ថែមពីនេះ ធនាគារក៏បាននាំយកនូវថវិកា និងវត្ថុអនុស្សាវរីយ៍ ចែកជូនលោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន សរុប ៤៤នាក់ ដោយម្នាក់ទទួលបានថង់បរិស្ថានមួយ ដបអាល់កុលមួយ ប៊ិចពីរដើម និងថវិកា៥០.០០០រៀល និងសិស្សានុសិស្សសរុប ១២០៤នាក់ ដោយម្នាក់ទទួលបានកាបូបស្ពាយមួយ សៀវភៅពីរក្បាល ប៊ិចពីរដើម និងថវិកា ១៥.០០០រៀល។
ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមអបអរសាទរ ទិវាសន្សំអាស៊ាន ក្រោមប្រធានបទ “សន្សំតិចប្រសើរជាងមិនបានសន្សំ ” នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា សមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលប្រព្រឹត្តទៅនៅសួនច្បារសាធារណៈ មុខព្រះអង្គចេក-ព្រះអង្គចម ខេត្តសៀមរាប។
កម្មវិធីនេះបានប្រារព្ធឡើងក្រោមគោលបំណងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចាប់ផ្តើមសន្សំប្រាក់ជាមួយគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុផ្លូវការ ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ។
ជាចុងក្រោយ ធនាគារ ប្រៃសណីយ៍កម្ពុជា សូមថ្លែងអរគុណយ៉ាងជ្រៀលជ្រៅដល់សាធារណៈជនទាំងអស់ ដែលបានអញ្ជើញចូលរួម និងមកទស្សនាស្តង់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា យ៉ាងច្រើនកុះករ។
អបអរសាទរដល់បុគ្គលិកឆ្នើមទាំងពីររូប ដែលទទួលបានរង្វាន់លើកទឹកចិត្ត iPhone 14 Pro max ម្នាក់មួយគ្រឿង ពីធនាគារ ប្រៃសណីយ៍កម្ពុជា ចំពោះការសម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរប្រចំាខែកញ្ញា ឆ្នាំ២០២២។
គណៈគ្រប់គ្រងធនាគារ ប្រៃសណីយ៍កម្ពុជា សូមចូលរួមត្រេកអរដល់អ្នកទាំងពីរ និងសូមលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ឱ្យខិតខំបន្ថែមទៀត ដើម្បីទទួលបានរង្វាន់លើកទឹកចិត្តនេះពីធនាគារផងដែរ។
នៅថ្ងៃទី៣0 ខែកញ្ញា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់ឆ្នើមលើកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២២ ពីក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ដែលហៅកាត់ថា ស៊ីប៊ីស៊ី ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់នូវសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការជោគជ័យលើកិច្ចសហប្រតិបត្តិការភាពជាដៃគូរនេះ គឺជាសមិទ្ធផលមួយថ្មីទៀតរបស់យើង នៅក្នុងការចូលរួមចំណែកដល់ស្ថិរភាពវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។
គួររំលឹកផងដែរ កាលពីពេលថ្មីៗនេះ ធនាគារ ទទួលបានពានរង្វាន់ធនាគារឆ្នើមចំនួន ២ គឺ «SME Financier of The Year-Asia» លំដាប់ថ្នាក់ Silver និង «Best Financier for Women Entrepreneurs» លំដាប់ថ្នាក់ Silver ក្នុងកម្មវិធី Global SME Finance Forum Award 2022 ដែលរៀបចំឡើងដោយ International Finance Corporation (IFC) ដែលជាសមាជិកនៃធនាគារពិភពលោក (World Bank) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម (SME Finance Forum) កាលពីថ្ងៃអង្គារ ទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh។
ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមឧបត្ថម្ភការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ “ធីអូភីន ឆ្នាំ២០២២” កាលពីថ្ងៃទី៧ និងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ នៅទីលានកីឡាវាយសីក្លឹប T-Badminton Court ដើម្បីជួយលើកស្ទួយវិស័យកីឡា និងសុខភាពនៅកម្ពុជា។
នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា បានចូលរួមវេទិកាប្រៃសណីយ៍លើកទី១ ពិព័រណ៍សេវាប្រៃសណីយ៍ និងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោក របស់សហភាពប្រៃសណីយ៍សកល ក្រោមប្រធានបទ “ប្រៃសណីយ៍សម្រាប់ភពផែនដី” ដោយសហការជាមួយប្រៃសណីយកម្ពុជា ក្រុមហ៊ុនប្រតិបត្តិករប្រៃសណីយ៍ និងអង្គការអន្តរជាតិនានា នៅសណ្ឋាគារសុខាភ្នំពេញ។
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបានពានរង្វាន់ធនាគារឆ្នើមចំនួន ២ គឺ «SME Financier of The Year-Asia» លំដាប់ថ្នាក់ Silver និង «Best Financier for Women Entrepreneurs» លំដាប់ថ្នាក់ Silver ក្នុងកម្មវិធី Global SME Finance Forum Award 2022 ដែលរៀបចំឡើងដោយ International Finance Corporation (IFC) ដែលជាសមាជិកនៃធនាគារពិភពលោក (World Bank) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម (SME Finance Forum) កាលពីថ្ងៃអង្គារ ទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh។
កម្មវិធី Global SME Finance Forum Award ២០២២ គឺជាកម្មវិធីប្រគល់ពានរង្វាន់ជូនដល់គ្រឹះស្ថានហិរញ្ញវត្ថុ និង Fintech ឆ្នើម នានានៅទូទាំងពិភពលោក ដែលសម្រេចបាននូវសមិទ្ធផលដ៏លេចធ្លោ ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មដ៏ល្អជូនដល់អតិថិជន។
លោក តូច ចៅចេក ប្រធាននាយកប្រតិបតិ្ត ធនាគារប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា៖ «ការទទួលបានពានរង្វាន់អន្តរជាតិទាំង ២ នេះ ពិតជាធ្វើឱ្យធនាគារ ប្រៃសណីយ៍កម្ពុជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដែលនេះជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកន្លងមក និងជាកម្លាំងចិត្តបន្ថែម សម្រាប់ធនាគារក្នុងការប្រឹងប្រែងផ្តល់សេវាកម្មឱ្យកាន់តែប្រសើរឡើង ១ កម្រិតទៀតជូនដល់អតិថិជន។
លោកបន្ថែមថា៖ «ចាប់តាំងពីធនាគារប្រៃសណីយ៍កម្ពុជាចាប់បើកដំណើរការដំបូង ធនាគារតែងតែ ផ្តោតសំខាន់ទៅលើការគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសសហគ្រិនជាស្ត្រី។ ធនាគារតែងតែយកចិត្តទុកដាក់បំផុតក្នុងការជួយគាំទ្រដល់អាជីវកម្ម និងម្ចាស់អាជីវកម្មទាំងអស់ក្នុងប្រទេសកម្ពុជា ដែលត្រូវការហិរញ្ញប្បទានក្នុងគោលបំណងពង្រីក អាជីវកម្ម ទុនបង្វិល ក៏ដូចជាការគាំទ្រអាជីវកម្មក្នុងអំឡុងពេលវិបត្តិកូវីដ ១៩ ឱ្យទទួលហិរញ្ញប្បទានដ៏សមស្របមួយ ដើម្បីប្រើប្រាស់តាមតម្រូវការ ដើម្បីជាផ្នែកមួយក្នុងការជួយអភិវឌ្ឍអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងនិរន្តរភាព»។
នាថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2022 ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តព្រះវិហារ បានឧបត្ថម្ភបង់អង្គុយចំនួន 30 និងទឹកសុទ្ធចំនួន 50យួ ជូនដល់រដ្ឋបាលខេត្តព្រះវិហារ និង បង់អង្គុយចំនួន 20ទៀត ជូនដល់សាលាដំបូងខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋតាមទីសាធារណៈនៅក្នុងខេត្ត។
នាថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី ក្នុងការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងមានការអញ្ជើញចូលរូមពី លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា ក.អ, តំណាងធនាគារពិភពលោក, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរុក្ខាប្រម៉ាញ់ និងនេសាទ។ ក្នុងគម្រោងនេះ ធនាគារ ARDB ផ្តល់ឥណទានបោះដុំជូនធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដើម្បីផ្តល់ឥណទានបន្តដល់ កសិករខ្នាតតូច កសិធុរកិច្ចខ្នាតតូច និងមធ្យម សហគមន៍កសិកម្ម និងក្រុមផលិតកសិផលទំាងអស់លើកលែងតែស្រូវ។
គម្រោងនេះមានគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងគាំទ្រដល់ខ្សែច្រវាក់តម្លៃពិពិធកម្មវិស័យកសិកម្ម នៅរាជធានីភ្នំពេញ និងខេត្តគោលដៅចំនួន ១២ រួមមាន ខេត្តបាត់ដំបង, មណ្ឌលគិរី, ស្ទឹងត្រែង, រតនគិរី, ព្រះវិហារ, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, សៀមរាប, កណ្តាល, កំពង់ស្ពឺ, និងកំពង់ឆ្នាំង។
អតិថិជន ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលជាម្ចាស់កាតវីសាមាសឥណទាន អាចចូលសម្រាករង់ចាំ និងរីករាយជាមួយ អាហារដ៏ឈ្ងុយឆ្ងាញ់ ភេសជ្ជៈ អ៊ីនធឺណិត កន្លែងធ្វើការ និងសេវាផ្សេងៗទៀតនៃ Plaza Premium Lounge ស្ថិតក្នុងអាកាសយានដ្ឋានអន្តរជាតិនានានៅទូទាំងពិភពលោក ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នេះតទៅ។
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង ធនាគារ ប្រៃសណីយ៍កម្ពុជា និង Plaza Premium Lounge បានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅក្នុង Plaza Premium Lounge ស្ថិតក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
បច្ចុប្បន្ន Plaza Premium Lounge មានទីតាំងចំនួន៣ក្នុងប្រទេសកម្ពុជា គឺស្ថិតក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និង អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និង៨៩ទីតាំងទៀត នៅតាមប្រទេសនានា ទូទាំងពិភពលោក។
លោក តូច ចៅចេក ប្រធានាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមានសេចក្តីសោមនស្សជាខ្លាំងដែលបានក្លាយជាដៃគូសហការជាមួយ Plaza Premium Lounge ហើយកិច្ចសហប្រតិបត្តិការមួយនេះ គឺជាយុទ្ធសាស្រ្តរបស់ធនាគារ ក្នុងគោលដៅផ្តល់សេវាកម្មដ៏សំបូរបែប ងាយស្រួល និងល្អឥតខ្ចោះជូនអតិថិជន។»
លោកស្រី Kimberly Wong នាយិកាគ្រប់គ្រងទូទៅនៃ Plaza Premium Lounge ប្រចាំប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា «Plaza Premium Group តែងតែឱ្យគុណតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការជាមួយអាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ និងដៃគូអាជីវកម្មនានា។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ CPBank យើងនឹងអាចផ្តល់សេវាកម្មកាន់តែប្រសើរ និងទូលំទូលាយជាងមុន សម្រាប់អ្នកដំណើរទាំងអស់។»
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគេនៅប្រទសកម្ពុជា ដែលត្រូវបានបង្កើត ឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ខាប់ពីតាល់។ ធនាគារមានសន្ទុះនៃការអភិវឌ្ឍ និងរីកចម្រើនយ៉ាងខ្លំាង ដែលគិតត្រឹមរយៈពេល ជាង ៨ឆ្នំានេះ ធនាគារសម្រេចបាននូវទំហំទ្រព្យសកម្មសរុបជាង ១ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាចំនួន ៦០សាខាទូទាំងប្រទេស និងបណ្តាញម៉ាស៊ីនATM ៨៩ទីតាំង។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏ជាធនាគារឆ្នើមមួយនៅប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រសរសើរពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើនផងដែរ។ ក្នុងពេលថ្មីៗនេះ ធនាគារប្រៃសណីយ៍កម្ពុជា ក៏ទើបតែឈ្នះពានរង្វាន់អន្តរជាតិ “Quality Achievements Award 2022 in the Platinum Category” ពីស្ថាប័ន ESQR ប្រទេសអេស៉្ពាញ និង «Fastest Growing Retail and SME Bank-Cambodia 2022» ពី International Business Magazine ពីសហភាពអារ៉ាប់រួមផងដែរ។
នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា និងហ្វូណនមីក្រូហិរញ្ញវត្ថុ បានឧបត្ថម្ភម៉ាស់ ១០០ប្រអប់ ទឹកសុទ្ធ ១០០យួរ និងថវិកាចំនួន ៨លានរៀល ជូនដល់សាលាបឋមសិក្សា សង់ប្រាសាទ ស្ថិតនៅភូមិភ្នំតូចត្បូង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីសាង់សង់ផ្លូវបេតុងមួយខ្សែ នៅតាមបណ្តោយរបងសាលា មានប្រវែង១១៣ ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងតំបន់។
ក្រៅពីនេះ ធនាគារក៏បាននាំយកសម្ភារៈសិក្សា រួមមានកាបូបស្ពាយ សៀវភៅ ប៊ិច ដបអាល់កល់ គូប និងថវិកាមួយចំនួន ចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ផងដែរ។
នាថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២ ធនាគារ ប្រៃសណីយ៍កម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ នាយក និងនាយិកាសាខាទាំងអស់។
កិច្ចប្រជុំនេះ ប្រារព្ធឡើងក្រោមគោលបំណងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងពាក់កណ្តាលឆ្នាំ២០២២ និងការកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ពាក់កណ្តាលឆ្នាំទៅមុខទៀត។
ក្រៅពីកិច្ចប្រជុំ គណៈគ្រប់គ្រងនៃធនាគារប្រៃសណីយ៍កម្ពុជាទាំងអស់ ក៏បានចូលរួមជិះកង់រួមគ្នាក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់ស្មារតីជាក្រុម និងពង្រឹងសុខភាពផងដែរ។