ភ្នំពេញ — ធនាគារ ប្រៃណីយ៍កម្ពុជា បានចូលរួមឧបត្ថម្ភ ព្រឹត្តិការណ៍ រត់ដើម្បីកុមារកម្ពុជា ចម្ងាយផ្លូវ​ ៥គីឡូម៉ែត្រ ដែលរៀបចំដោយ គម្រោងពាណិជ្ជកម្ម ទីក្រុងជ្រោយចង្វារ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។

ក្រៅ​ពី​ចូលរួម​ឧបត្ថម្ភ ធនាគារ​ ប្រៃសណីយ៍​កម្ពុជា ក៏បាន​ទិញសំបុត្រ​ចូលរួម​បន្ថែម​ សម្រាប់​គណៈគ្រប់​គ្រង និង​បុគ្គលិក​ធនាគារ​ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​គម្រោងនេះផងដែរ។

ព្រឹត្តិការណ៍នេះ ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណងរៃអង្គាសថវិកាតាម​រយៈ​ការ​ឧបមត្ថម្ភគាំទ្រពីដៃគូអាជីវកម្មនានា​ និង​ការ​លក់សំបុត្រជូន​សាធារណៈជន​​ ដែល​ថវិកា ១០០%​ដែល​ប្រមូលបាន នឹង​ត្រូវ​បរិច្ចាគ​ទៅកាន់​ មន្ទីរពេទ្យគន្ធ បុប្ផា ដើម្បី​រួមចំណែក​ក្នុង​ការ​ជំរុញ​ឱ្យ​មន្ទីពេទ្យអាច​​បន្ត​បេសកម្ម​របស់​ខ្លួន ក្នុងការ​ផ្តល់សេវាសុខភាពនានា ដោយ​ឥតគិតថ្លៃ ដល់​កុមារកម្ពុជា​ទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរ​ ការចូលរួមនេះ គឺ​ជា​ការ​រួមចំណែក​មួយទៀត​​ក្នុង​សកម្មភាព​ជួយ​សង្គម​របស់​ធនាគារ​ប្រៃសណីយ៍កម្ពុជា ដែល​កន្លងមក​ធនាគារ​តែ​ង​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការសង្គម​រួម​មាន​ដូចជា ការ​បរិច្ចាគផ្ទាល់​ទៅ​មូលនិធិ​គន្ធបុប្ផា ការ​បរិច្ចាគឈាម ការ​ដាំឈើ ការ​ជួសជុល និង​កែលម្អហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន ។ល។

ភ្នំពេញធនាគារប្រៃណីយ៍កម្ពុជា មាន​កិត្តិយស​ដែល​បាន​ចូលរួមចំណែក​ជាមួយ​​សមាគមធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ក្នុងការ​​លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ សិទ្ធិ និង​កិច្ចការពារ​អតិថិជន ដោយ​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ការ​បោះ​ពុម្ពសៀវភៅ​កម្រង​មេរៀន​ស្តីពី ការ​ពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុក្នុង​សហគមន៍។

សិក្ខាសិលា​ស្តីពី​ការ​ផ្សព្វផ្សាយ​លទ្ធផលគម្រោង​ការ​ពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្នុង​សហគមន៍ ត្រូវ​បានប្រព្រឹត្តឡើង​ក្រោម​អធិបតី​ដ៏ខ្ពង់ខ្ពស់​របស់​ឯក​ឧត្តម យឺម លាត ទេសាភិបាលរង ធនាគារ​ជាតិ​នៃកម្ពុជា​​នៅ​ថ្ងៃទី​០៨​ ខែ​តុលា ឆ្នាំ​២០២៤ នៅ​មណ្ឌលសិក្សា​បច្ចេកទេសធនាគារ​។

ក្នុង​គម្រោងនេះ សៀវភៅ​កម្រងមេរៀនស្តីពី ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ត្រូវ​បាន​បែងចែកជា ៥មេរៀន និង​ត្រូវបាន​បោះពុម្ព​ និងចែកចាយ​ទៅ​ក្នុង​សហគមន៍។

មេរៀនទាំង​៥រួមមាន៖

  1. មេរៀនទី១៖ មូលដ្ឋាន​គ្រឹះ​នៃ​ចំណេះ​ដឹងផ្នែក​ហិរញ្ញវត្ថុ
  2. មេរៀនទី២៖ ការស្វែង​យល់​អំពី​សេវាហិរញ្ញវត្ថុ
  3. មេរៀនទី៣៖ ការ​ត្រៀមខ្លួន​ឈានចូល​ទៅ​ក្នុង​ទីផ្សារហិរញ្ញវត្ថុ
  4. មេរៀនទី​៤៖ សិទ្ធិ និង​កាតព្វកិច្ច​អ្នក​ប្រើប្រាស់
  5. មេរៀនទី​៥៖ ការត្រួតពិនិត្យ និង​ការ​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ឥរិយាបថ​ផ្នែក​ហិរញ្ញវត្ថុ

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» លើកទី២  ដែលចូលរួមដោយលោកនាយក-នាយិកា និងបុគ្គលិកធនាគារ ដោយដើររើសសំរាមសម្អាតបរិស្ថាននៅតាមសួន និងដងផ្លូវសាធារណៈនៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។

កម្មវិធីនេះ ត្រូវ​បាន​រៀបចំឡើង​ដើម្បី​អបអរសាទរ “ទិវាអូហ្សូនបរិស្ថានអន្តរជាតិ ១៦ កញ្ញា” និង​ដើម្បីរួមចំណែកការពារបរិស្ថានធម្មជាតិ  ក៏ដូចជា បណ្តុះស្មារតី ស្រឡាញ់ ថែរក្សាបរិស្ថាន និងកាត់បន្ថយការបម្រែបម្រួលអាកាសធាតុពិភពលោក ។

សកម្មភាពនេះក៏ជាសារក្រើនរំលឹកដល់សាធារណៈជនឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជៀសវៀងការចោលសំរាមពាសវាលពាសកាល ដើម្បីការរស់នៅស្អាត បរិស្ថានស្អាត និងសេចក្តីថ្លៃថ្នូរផងដែរ ។

ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ គឺជាខួបអនុស្សាវរីយ៍លើកទី១១ នៃការបង្កើតធនាគារ ប្រៃសណីយ៍កម្ពុជា ដែលជាធនាគារពាណិជ្ជដ៏រីកចម្រើនលឿនបំផុតមួយក្នុងប្រទេសកម្ពុជា។ ធនាគារបានសម្រេចចក្ខុវិស័យរបស់ខ្លួនដោយបានប្រែក្លាយជាគ្រឹះស្ថានធនាគារដ៏រឹងមាំមួយ ក្នុងការផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា និងអាជីវកម្មជាច្រើននៅក្នុងប្រទេស។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់ធនាគារបាន កើនឡើងដល់ ១,៦ ពាន់លានដុល្លារ ដោយ​មាន​ផលបត្រឥណទាន និង​សមតុល្យប្រាក់សន្សំ ច្រើនជា​ង ១,១ពាន់លានដុល្លារ។ ។ ធនាគារបានពង្រីកបណ្តាញប្រតិបត្តិការសាខាចំនួន៦៤លាតសន្ធឹងពេញផ្ទៃប្រទេស ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់សរុប១៦៤ទីតាំង គណនីអតិថិជនសរុបជាង៤០០.០០០គណនី ប័ណ្ណសរុប១៣០.០០០ប័ណ្ណ អ្នកប្រើប្រាស់ សេវាធនាគារចល័តសរុប១៦០.០០០នាក់ និងដៃគូអាជីវកម្មសរុបជាង ៨៥.០០០កន្លែងទូទាំងប្រទេស។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារមានបណ្តាញប្រតិបត្តិការចំនួន៥១សាខា ហើយបានពង្រីកទ្រព្យសកម្មរបស់ខ្លួនកើនឡើង៨ដង បន្ទាប់ពីក្លាយជាបុត្រសម្ព័ន្ធ១០០% របស់ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងឆ្នាំ២០១៧ ។

ក្នុង​រយៈពេល១១ឆ្នាំនៃប្រតិបត្តិការ ធនាគារប្រៃសណីយ៍កម្ពុជា បានបោះជំហានយ៉ាងលឿនលើផ្នែកឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតតាមរយៈទូរសព្ទដៃ ​អតិថិជន​អាច​ស្នើសុំឥណទាន បើកគណនីតាមអនឡាញ ទូទាត់វិក្កយបត្រ និង​ធ្វើប្រតិបត្តិការធនាគារផ្សេងៗទៀត ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ។

គួររំលឹកផងដែរ ធនាគារប្រៃសណីយ៍កម្ពុជា ក៏សម្រេចបាននូវប្រសិទ្ធិនាម និងពានរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។ នៅឆ្នាំ២០២៤ ធនាគារបានទទួលបានពានរង្វាន់អន្តរជាតិចំនួន ០២ គឺពានរង្វាន់ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024)» ពីស្ថាប័ន World Confederation of Business និងពានរង្វាន់ «អ្នកផ្តល់ហិរញ្ញប្បទានល្អបំផុតសម្រាប់សហគ្រិនស្ត្រីអាស៊ី (Best Financing Provider for Asian Women Entrepreneurs)» នៅក្នុងកម្មវិធី Global SME Finance Forum Awards 2024។

ការ​ប្តេជ្ញាចិត្តរបស់ធនាគារចំពោះឧត្តមភាព  ការផ្តល់ទំនុកចិត្ត និងភាពច្នៃ​ប្រឌិតខ្ពស់​ បាន​ធ្វើ​ឱ្យ​ធនាគារ​លេចធ្លោពី​គូប្រកួតប្រជែងរបស់ខ្លួន ហើយធនាគារ​ប្តេជ្ញាបន្តបម្រើអតិថិជនដោយភាពស្មោះត្រង់ និង​យកចិត្តទុកដាក់ខ្ពស់​បំផុត។ សមិទ្ធិផលរបស់ធនាគារ គឺជាសក្ខីភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់​គណៈគ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​របស់ធនាគារ។

លោកតូច ចៅចេក ប្រធាននាយកប្រតិបត្តិ​ ធនាគារ​ប្រៃសណីយ៍កម្ពុជា បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផល និងសេវាកម្មរបស់ធនាគារ​កន្លងមក និងសូមថ្លែងអំណរគុណផងដែរ​ចំពោះក្រុមប្រឹក្សាភិបាល និងភាគទុនិក​ទាំងអស់​ សម្រាប់ការ​គាំទ្រតម្រង់ទិស និងអាជ្ញាធរនិយ័តករជាពិសេសធនាគារជាតិនៃកម្ពុជា​សម្រាប់ការគាំទ្រ ណែនាំជាប្រចាំកន្លងមក។

ធនាគារប្រៃសណីយ៍កម្ពុជា​ប្តេជ្ញា នឹង​បន្តផ្តល់បទពិសោធន៍សេវាកម្មល្អបំផុតជូនដល់អតិថិជន។ ធនាគារនៅតែ​​​បន្ត​ធ្វើ​ជាធនាគារគម្រូល្អបំផុតមួយ​ក្នុង   វិស័យធនាគារ និង​ហិរញ្ញវត្ថុ ដោយ​សង្ឃឹមថាធនាគារនៅតែបន្ត​ទទួលបាន​​​ជោគជ័យនៅឆ្នាំប្រតិបត្តិការបន្តបន្ទាប់ទៅមុខយូរអង្វែងទៅទៀត។

រីករាយខួបអនុស្សាវរីយ៍លើកទី១១ របស់ធនាគារ ប្រៃសណីយ៍កម្ពុជា!!!

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅ​មជ្ឍមណ្ឌលជាតិ​ផ្តល់​ឈាម ដើម្បីរួមចំណែកក្នុង​ការ​​​ជួយសង្គ្រោះជីវិតអ្នកជំងឺ ដែល​កំពុង​ត្រូវការ​ឈាម​។

កម្ម​វិធី​បរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ត​នេះ ត្រូវ​រៀបចំឡើង ​នៅ​៤ទីតាំងផ្សេងគ្នា​ក្នុង​ពេលតែមួយ គឺ​នៅ​មជ្ឍមណ្ឌលជាតិ​ផ្តល់​ឈាមនៅ​រាជធានី​ភ្នំពេញ ខេត្ត​សៀមរាប ខេត្ត​បាត់​ដំបង និង​ខេត្ត​កំពង់​ចាម ដោយ​មាន​ការ​ចូលរួម​ពី​គណៈគ្រប់គ្រង ​បុគ្គលិក​មក​ពីស្នាក់​ការកណ្តាល និង​៣៣​សាខា​ នៅ​រាជធានីភ្នំពេញ​ ខេត្ត និង​ស្រុក​ របស់​​ធនាគារ​ ប្រៃសណីយ៍កម្ពុជា និងគណៈគ្រប់គ្រង​ និង​បុគ្គលិកហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផងដែរ។

សកម្មភាពនេះក៏ជាការលើកទឹកចិត្តដល់សាធារណៈជន ឱ្យចូលរួមចំំណែកបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានកាន់តែច្រើន ដើម្បីជួយ​បំពេញ​តម្រូវការ​ឈាម ដែល​កំពុង​ខ្វះខាត​ផងដែរ។​

កំពង់ចាម – ធនាគារ ប្រៃសណីយ៍កម្ពុជា បានសម្ពោធបើកដំណើរការ​ជាផ្លូវការ សាខាទី៦៤ របស់ខ្លួន គឺសាខាស្រុកចំការលើ – ឃុំស្វាយទាប ដែលមានទីតាំងនៅ ផ្លូវជាតិលេខ៧១ ភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។

ពិធីសម្ពោធជាផ្លូវការនេះ មានការចូលរួមដោយ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ គណៈគ្រប់គ្រងជាន់ខ្ពស់ និង​បុគ្គលិក​នៃស្នាក់ការកណ្តាល ​សាខាខេត្តកំពង់ចាម សាខាស្រុកជើងព្រៃ-ឃុំសូទិព្វ និង​សាខាស្រុកបារាយណ៍-ឃុំបល័្លង្គ គណៈគ្រប់គ្រង​ និង​បុគ្គលិកហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និង​អាជ្ញាធរមូលដ្ឋានផងដែរ ។

 

ទីតាំងសាខា៖ https://maps.app.goo.gl/4TeLnxZpsV339jkq9

លេខទូរសព្ទទំនាក់ទំនងសាខា៖ 093 500 074

រាជធានីភ្នំពេញ៖ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនមេធាវី អេស ភី អ និងសហការី ក្នុងគោលបំណងបង្កើតនូវកិច្ចសហប្រតិបត្តិការជាដៃគូជាមួយគ្នា ដើម្បីផ្តល់សេវាកម្មប្រឹក្សាយោបល់ច្បាប់ពាក់ព័ន្ធនឹងប្រតិបត្តិការពាណិជ្ជកម្ម និងការតំណាងឱ្យ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងការដោះស្រាយវិវាទនានារបស់ធនាគារផងដែរ។

អតិថិជនជាទីគោរព!

យោង៖ សេចក្តីណែនាំស្តីពីការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលសម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជា ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា។

តបតាមសេចក្តីណែនាំខាងលើក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ធនាគារប្រៃសណីយ៍កម្ពុជា ក.អ មានស្មារតីចូលរួមអនុវត្តតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា នឹងមានកិត្តិយសសូមជម្រាបជូនអតិថិជនទាំងអស់មេត្តាជ្រាបថា៖

១. អតិថិជនថ្មីទាំងអស់ដែលបើកគណនីជារូបិយប័ណ្ណបរទេសនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ នឹងទទួលបានគណនីជាប្រាក់រៀលចំនួន ០១ (មួយ) បន្ថែម។

២. អតិថិជនដែលកំពុងប្រើប្រាស់សេវាកម្មរបស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ហើយមិនទាន់មានគណនីប្រាក់រៀល អាចធ្វើការបើកគណនីជាប្រាក់រៀលតាមរយៈសេវាធនាគារចល័ត (CPBank Mobile Banking) គ្រប់ពេលវេលា ឬអញ្ជើញមកសាខាធនាគារប្រៃសណីយ៍កម្ពុជា ក.អ ណាមួយដែលនៅជិតលោកអ្នកនៅរៀងរាល់ម៉ោងធ្វើការ។

អាស្រ័យដូចបានជម្រាបជូនខាងលើ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមសហការរបស់អតិថិជនជាចំណែកដ៏សំខាន់ក្នុងការ          ជំរុញឱ្យកាន់តែប្រសើឡើងលើការប្រើប្រាស់ប្រតិបត្តិការជាប្រាក់រៀល ក្នុងន័យលើកកម្ពស់រូបិយប័ណ្ណជាតិដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូល។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ សម្រាប់ការគាំទ្រប្រើប្រាស់សេវាកម្មរបស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ។

រាជធានីភ្នំពេញ៖ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំវគ្គបណ្តុះបណ្តាល​ថ្នាក់​តំបន់ វគ្គ១ ស្តីអំពី «ការ​ពង្រឹងសមត្ថភាពបុគ្គលិក​ពាក់​ព័ន្ធ​នឹង​កិច្ចការ​ផ្តល់​ឥណទាន ដើម្បី​ធានា​ប្រសិទ្ធភាព​នៃប្រតិបត្តិការ​ប្រកបដោយ​ចីរភាព​ និង​ការ​ទទួល​ខុសត្រូវ» នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤។

នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ លោកប្រធាននាយកប្រតិបត្តិ តូច ចៅចេក បានផ្តល់នូវអនុសាសន៍ល្អៗជាច្រើនដល់សិក្ខាកាម និងបានណែនាំឱ្យ​សិក្ខាកាមទាំងអស់យកចិត្តទុកដាក់រៀនសូត្រ និងចូលរួមឲ្យបានផុសផុល ដើម្បី​ក្រេបយកចំណេះវិជ្ជា និងបទពិសោធន៍នានាដែល​ចែករំលែកដោយវាគ្មិន ដើម្បី​អនុវត្តការងាររបស់​ខ្លួន​​ឲ្យកាន់​តែ​មានប្រសិទ្ធភាពខ្ពស់ជាងមុន។

គួរបញ្ជាក់ផងដែរថា ធនាគារប្រៃសណីយ៍កម្ពុជា គឺតែងតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសមត្ថភាពបុគ្គលិក តាមរយៈកម្មវិធីបណ្តុះបណ្តាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ជាប្រចាំ ក្នុងគោលបំណង ធានាឲ្យបាននូវបុគ្គលិកដែលពោរពេញដោយសមត្ថភាព និងគុណវឌ្ឍិគ្រប់គ្រាន់ និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិកគ្រប់រូប ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេជូនដល់អតិថិជនគ្រប់រូប។

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បាន​ចុះអនុស្សរណៈនៃការ​យោគយល់គ្នា ជាមួយ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្តីពី​ការ​ផ្តល់​ឥណទាន​សម្រាប់​ពលករ និង​សិក្ខាកាម​ទៅ​ធ្វើការ​នៅ​បរទេស ដែល​ទទួល​ស្គាល់ ដោយ​ក្រសួង​ការងារ​ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

ពិធីដោះដូរអនុស្សរណៈនៃការ​យោគយល់គ្នានេះ បាន​ប្រារព្ធឡើង​ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណាចក្រកម្ពុជា​ នៅវិមានសន្តិភាព នា​ថ្ងៃទី ៩ ខែសីហា ឆ្នាំ​២០២៤។

អនុស្សរណៈ នៃការ​យោគយល់នេះ មាន​គោលបំណង​បង្កើត​នូវកិច្ច​សហការ​ជា​យុទ្ធសាស្រ្ត​ និង​ការយោគយល់គ្នា​រវាង​ក្រសួង និង​ធនាគារ​ ដើម្បី​ផ្តល់​ឥណទាន​គាំទ្រ​ដល់​ពលករ និង​សិក្ខាកាម​ ដែល​ត្រូវ​ទៅ​ធ្វើការ​នៅ​បរទេស​ឱ្យទទួល​បាន​នូវ​ទំហំ​ឥណទានដ៏សមស្រប ជាមួយ​អត្រាការប្រាក់​សមរម្យ និង​មាន​លក្ខខណ្ឌឥណទាន​ល្អប្រសើរ​។ ​

គណៈគ្រប់គ្រងជាន់ខ្ពស់នៃស្នាក់ការកណ្តាល និងបុគ្គលិកទាំងអស់នៃធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។

កណ្តាល៖ ធនាគារ ប្រៃសណីយ៍កម្ពុជា បាន​រៀបចំ​កម្មវិធី​សប្បុរសធម៌ ដោយ​ពាំនាំ​គ្រឿង​ឧបភោគ បរិភោគ សម្ភារៈសិក្សា និង​ថវិកាមួយ​ចំនួន​ ចែក​ជូន​គ្រួសារ​ក្រីក្រ​ចំនួន​៩គ្រួសារ ដែល​រស់​នៅក្នុង​​ភូមិ​ព្រែក​អំពិល សង្កាត់​ព្រែក​អំពិល ក្រុងអរិយក្សត្រ ខេត្ត​កណ្តាល នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៤។

គ្រួសារនិមួយៗ​ទទួលបានអង្ករ២បាវ (១០០គីឡូក្រាម) ត្រីខ១យួរ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ មី១កេស និងថវិកាចំនួន ២០០,០០០រៀល ខណៈកូនៗនៅ​ក្នុង​គ្រួសារ ដែលកំពុង​សិក្សា​ទទួល​បាន ​ឯកសណ្ឋានសិស្ស២ឈុត កាបូបស្ពាយ១ សៀវភៅសរសេរ១០ក្បាល និងសម្ភារៈសិក្សា១ឈុត។

ក្នុង​កម្មវិធីសំណេះសំណាល លោក តូច ចៅចេក ប្រធាន​នាយកប្រតិបត្តិ ធនាគារ​ប្រៃសណីយ៍ កម្ពុជា បាន​មាន​ប្រសាសន៍លើក​ទឹក​ចិត្ត​ដល់​ក្មួយៗ​សិស្សានុសិស្សឱ្យ​តស៊ូ​ប្រឹង​ប្រែង​សិក្សា ដើម្បី​ឱ្យ​ខ្លូន​មាន​ចំណេះ​ជំនាញ​ច្បាស់លាស់​ ពីព្រោះ​មាន​តែការ​​មានចំណេះ​ និង​ជំនាញ​​ទេ​ ដែល​ជួយ​លើកស្ទួយជីវភាព​គ្រួសារ​ឱ្យ​ចាកចេញ​ពីភាព​ក្រីក្រ។

គួរបញ្ជាក់ផងដែរថា ធនាគារ​ ប្រៃសណីយ៍កម្ពុជា តែងជួយរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ និងសកម្មភាពសង្គមនានា។ កន្លងមក ធនាគារបានរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់សាលា ចូលរួមដាំដើមឈើ សម្អាតទីក្រុង ឧបត្ថម្ភមន្ទីពេទ្យគន្ធបុប្ផា និងអង្គការក្រៅរដ្ឋាភិបាលនានាផងដែរ។