នាថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី ក្នុងការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងមានការអញ្ជើញចូលរូមពី លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា ក.អ, តំណាងធនាគារពិភពលោក, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរុក្ខាប្រម៉ាញ់ និងនេសាទ។ ក្នុងគម្រោងនេះ ធនាគារ ARDB ផ្តល់ឥណទានបោះដុំជូនធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដើម្បីផ្តល់ឥណទានបន្តដល់ កសិករខ្នាតតូច កសិធុរកិច្ចខ្នាតតូច និងមធ្យម សហគមន៍កសិកម្ម និងក្រុមផលិតកសិផលទំាងអស់លើកលែងតែស្រូវ។
គម្រោងនេះមានគោលបំណងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងគាំទ្រដល់ខ្សែច្រវាក់តម្លៃពិពិធកម្មវិស័យកសិកម្ម នៅរាជធានីភ្នំពេញ និងខេត្តគោលដៅចំនួន ១២ រួមមាន ខេត្តបាត់ដំបង, មណ្ឌលគិរី, ស្ទឹងត្រែង, រតនគិរី, ព្រះវិហារ, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, សៀមរាប, កណ្តាល, កំពង់ស្ពឺ, និងកំពង់ឆ្នាំង។