ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបានពានរង្វាន់ធនាគារឆ្នើមចំនួន ២ គឺ «SME Financier of The Year-Asia» លំដាប់ថ្នាក់ Silver និង «Best Financier for Women Entrepreneurs» លំដាប់ថ្នាក់ Silver ក្នុងកម្មវិធី Global SME Finance Forum Award 2022 ដែលរៀបចំឡើងដោយ International Finance Corporation (IFC) ដែលជាសមាជិកនៃធនាគារពិភពលោក (World Bank) និងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យម (SME Finance Forum) កាលពីថ្ងៃអង្គារ ទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh។
កម្មវិធី Global SME Finance Forum Award ២០២២ គឺជាកម្មវិធីប្រគល់ពានរង្វាន់ជូនដល់គ្រឹះស្ថានហិរញ្ញវត្ថុ និង Fintech ឆ្នើម នានានៅទូទាំងពិភពលោក ដែលសម្រេចបាននូវសមិទ្ធផលដ៏លេចធ្លោ ក្នុងការផ្តល់នូវផលិតផល និងសេវាកម្មដ៏ល្អជូនដល់អតិថិជន។
លោក តូច ចៅចេក ប្រធាននាយកប្រតិបតិ្ត ធនាគារប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា៖ «ការទទួលបានពានរង្វាន់អន្តរជាតិទាំង ២ នេះ ពិតជាធ្វើឱ្យធនាគារ ប្រៃសណីយ៍កម្ពុជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដែលនេះជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកន្លងមក និងជាកម្លាំងចិត្តបន្ថែម សម្រាប់ធនាគារក្នុងការប្រឹងប្រែងផ្តល់សេវាកម្មឱ្យកាន់តែប្រសើរឡើង ១ កម្រិតទៀតជូនដល់អតិថិជន។
លោកបន្ថែមថា៖ «ចាប់តាំងពីធនាគារប្រៃសណីយ៍កម្ពុជាចាប់បើកដំណើរការដំបូង ធនាគារតែងតែ ផ្តោតសំខាន់ទៅលើការគាំទ្រសហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសសហគ្រិនជាស្ត្រី។ ធនាគារតែងតែយកចិត្តទុកដាក់បំផុតក្នុងការជួយគាំទ្រដល់អាជីវកម្ម និងម្ចាស់អាជីវកម្មទាំងអស់ក្នុងប្រទេសកម្ពុជា ដែលត្រូវការហិរញ្ញប្បទានក្នុងគោលបំណងពង្រីក អាជីវកម្ម ទុនបង្វិល ក៏ដូចជាការគាំទ្រអាជីវកម្មក្នុងអំឡុងពេលវិបត្តិកូវីដ ១៩ ឱ្យទទួលហិរញ្ញប្បទានដ៏សមស្របមួយ ដើម្បីប្រើប្រាស់តាមតម្រូវការ ដើម្បីជាផ្នែកមួយក្នុងការជួយអភិវឌ្ឍអាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងនិរន្តរភាព»។