អបអរសាទរធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ទទួលបានពានរង្វាន់អន្តរជាតិ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024) »

ធនាគារ ប្រៃសណីយ៍កម្ពុជា គឺ​ជា​ធនាគារ​ពាណិជ្ជមួយដែល​រីកចម្រើន​លឿន​បំផុត​ក្នុង​ចំណោម​ធនាគារ​ពាណិជ្ជ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​ឈានមុខគេ​នៅក្នុង​ប្រទេស​កម្ពុជា ​ត្រូវបាន​បង្កើតឡើង​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៣ ក្រោម​ដៃគូ​យុទ្ធសាស្រ្ត​រវាង​ កាណាឌីយ៉ា អ៊ីន​វេសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ហ្វូឡឹតុន ហ្វាយណាន់​ស្យ៊ល ខាប់​ពីតាល់ ភីធីអ៊ី។ នៅដើមឆ្នាំ២០២៤ នេះ ធនាគារ ប្រៃសណីយ៍កម្ពុជា ​បាន​ទទួលពាន​រង្វាន់​អន្តរជាតិពី​​ស្ថាប័ន World Confederation of Business ជា «ធនាគារលក់រាយល្អបំផុតប្រចាំ​ឆ្នាំ​២០២៤ (Best Retail Bank 2024) »។

លោក តូច ចៅចេក ប្រធាននាយក​ប្រ​តិបត្តិ ​ធនាគារ ប្រៃសណីយ៍កម្ពុជា បាន​ដឹក​នាំ​គណៈ​គ្រប់គ្រង​ជាន់​ខ្ពស់​ធនាគារ អញ្ជើញទៅ​ទទួល​ពាន​រង្វាន់​អន្តរជាតិ​នេះនៅ​សហរដ្ឋអាមេរិក កាល​ពី​​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៤។  World Confederation of Business បានសម្រេច​ប្រគល់​ពាន​រង្វាន់​ ធនាគារ​លក់រាយល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០២៤​នេះ ជូនធនាគារប្រៃសណីយ៍កម្ពុជា ​ដោយបានត្រួតពិនិត្យ ​វាយ​តម្លៃខ្ពស់ទៅលើ​​សមិទ្ធផល និង​​ការ​​ធ្វើ​ប្រតិបត្តិការ​បានយ៉ាង​​ល្អរបស់​ធនាគារ​ ក្នុង​ការ​បំពេញ​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​របស់​អតិថិជន​របស់ខ្លួនក្នុងឆ្នាំ​២០២៣កន្លងមក ។ លោក ប្រធាននាយក​ប្រ​តិបត្តិបានលើកឡើងដោយសង្ខេបថា ទោះ​បី​ជា​មាន​បញ្ហាប្រឈម​ជា​ច្រើន​ក្នុង​រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ​ក៏ដោយ ក៏​ធនាគារ​នៅ​តែអាច​បន្ត​រីកចម្រើន​ប្រកបដោយ​ស្ថិរភាព​ ទាំងប្រាក់​ចំណេញ ទំហំប្រតិបត្តិការ និង​ការ​គ្រប់​គ្រង​ឥណទាន​មិន​ដំណើរការ​ប្រកបដោយប្រសិទ្ធភាព…។ល។ ជាលទ្ធផល​ឆ្នាំ​២០២៣​ ទ្រព្យ​សកម្ម​របស់​ធនាគារ​បាន​កើន​ឡើង​​១៣,៦% ផលប័ត្រឥណទាន​កើន​ឡើង៧,៣% សមតុល្យប្រាក់​បញ្ញើ​កើនឡើង​១៤,៦% និង​នៅតែ​រក្សា​​ប្រាក់​ចំណេញបាន ២៣លានដុល្លារអាមេរិកប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០២២ដែរ។ គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារពិត​ជាមានការ​រំភើបរីករាយក្នុងការ​ទទួល​បាន​ពានរង្វាន់ដ៏ពិសេស​​មួយនេះ ដែ​ល​​បាន​សរបញ្ជាក់​ពី​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិមក​កាន់​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​បានល្អជូនអតិថិជន​របស់ខ្លួននាពេលកន្លងមក។ ធនាគារប្តេជ្ញា​បន្តកែលម្អអភិវឌ្ឍន៍​ផលិតផល​ប្រកបដោយ​ភាព​ច្នៃ​ប្រឌិត​ និងពង្រឹងសេវាកម្មអតិថិជនអោយកាន់តែល្អប្រសើរបន្ថែមទៀត។

គួរបញ្ជាក់​ផងដែរថាជារឿយៗ ធនាគារ ប្រៃសណីយ៍កម្ពុជា  ​តែង​ទទួល​បាន​ប្រសិទ្ធនាម និង​ពាន​រង្វាន់​អន្តរជាតិ​ពីស្ថាប័នល្បីៗជាច្រើន ដូចជាក្នុង​ឆ្នាំ​២០២៣​ ទទួល​ពានរង្វាន់​កិត្តិយស “SME Financier of the Year – Asia” ដែល​បានផ្តល់ដោយស្ថាប័ន IFC​, International Finance  Corporation ( World Bank Group) សម្រាប់​ការ​រួម​ចំណែក​គួរ​ឱ្យ​កត់សម្គាល់​ចំពោះ​សហគ្រាស​ធុនតូច និង​មធ្យម​នៅ​កម្ពុជា។ ធនាគារ​ក៏ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​​ពីស្ថាប័ន World Confederation of Business នេះផងដែរ ក្នុង​ឆ្នាំ​២០២៣​ គឺ​ពានរង្វាន់ «ធនាគារគួរអោយ​ទុក​ចិត្ត ​(Trustful Bank Award)»។ សមិទ្ធផលទាំងនេះប្រាកដជាមិនអាចកើតមានបានឡើយ ប្រសិនបើមិនមានការចូលរួមខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ ការណែនាំដាស់តឿនបង្ហាត់បង្ហាញផ្លូវជាប្រចាំពីលោកអ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាលផ្សេងៗទៀត និង​ជាពិសេសធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធរអាណាព្យាបាល ។