អតិថិជនធនាគារ ប្រៃសណីយ៍កម្ពុជា និងអម្រឹត អាចដកប្រាក់ពីម៉ាស៊ីនATMរបស់ស្ថាប័នទាំងពីរដោយឥតគិតថ្លៃ

ធនាគារ ប្រៃសណីយ៍កម្ពុជា និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ​សហការគ្នា ដើម្បីផ្តល់ជូន​អតិថិជន នូវ​ភាពងាយស្រួលក្នុង​ការ​​ប្រើប្រាស់​ប័ណ្ណATM និងប័ណ្ណវីសាឥណពន្ធរបស់ខ្លួន ក្នុងការដកប្រាក់តាមរយៈម៉ាស៊ីនATM របស់ស្ថាប័នទាំងពីរ នៅ​២៥ខេត្ត​ក្រុង​ ដោយឥតគិតថ្លៃសេវា។

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូ នៃគ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី០៨ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារទីក្រុងអូឡាំព្យា ដោយ​មាន​ការ​ចូលរួម​ដោយ​គណៈគ្រប់គ្រងជាន់​ខ្ពស់​ នៃស្ថាប័នទាំងពីរ។

 

បច្ចុប្បន្ន​ ធនាគារ ប្រៃសណីយ៍កម្ពុជា មានបណ្តាញម៉ាស៊ីន ATM សរុប ៨៩ទីតាំងនៅទូទាំងប្រទេស ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានបណ្តាញម៉ាស៊ីន ATM សរុប ៣៤ ទីតាំងទូទាំងប្រទេស។ នេះ​មាន​ន័យថា អតិថិជនទាំងអស់របស់ធនាគារ ប្រៃសណីយ៍កម្ពុជា និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត អាចដកប្រាក់ពីម៉ាស៊ីន ATM សរុប ១២៣ទីតាំងទូទាំងប្រទេស ដោយឥតគិតថ្លៃសេវា។

លោកតូច ចៅចេក​ ប្រធាននាយកប្រតិបត្តិ​ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមានសេចក្តីសោមនស្សជាខ្លាំងដែលបានក្លាយជាដៃគូសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ហើយ​​កិច្ចសហប្រតិបត្តិការមួយនេះ គឺជា​យុទ្ធសាស្រ្តរបស់​ស្ថាប័នទាំងពីរ ដែល​ធ្វើឡើងក្នុង​គោលដៅរួម​ គឺដើម្បីពង្រឹង និង​ពង្រីក​សេវាកម្មរបស់ខ្លួន​ឱ្យ​កាន់តែ​រហ័ស ងាយស្រួល និង​ខិត​ជិត​អតិថិជន។»

លោក ដុស ឌីន  អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានលើកឡើងថា «កិច្ចសហការលើភាពជាដៃគូក្នុងថ្ងៃនេះ នឹងធ្វើឱ្យអតិថិជនរបស់ ស្ថាប័នទាំងពីរ កាន់តែមានភាពងាយស្រួល និងអាចទទួលបានអត្ថប្រយោជន៍កាន់តែជាច្រើនពីប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈម៉ាស៊ីនATM ដែលមានដូចជា៖ ការពិនិត្យសមតុល្យគណនី​ ផ្លាស់ប្តូរលេខសម្ងាត់ ពិនិត្យរបាយការណ៍សង្ខេប និងដកប្រាក់បានគ្រប់ពេលវេលា នៅតាមម៉ាស៊ីនATM របស់ស្ថាប័នទាំងពីរដោយឥតគិតថ្លៃផងដែរ។»

 

ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគេនៅប្រទសកម្ពុជា ដែលត្រូវបានបង្កើត ឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ខាប់ពីតាល់។ ធនាគារមានសន្ទុះនៃការអភិវឌ្ឍ និងរីកចម្រើនយ៉ាងខ្លំាង ដែលគិតត្រឹមរយៈពេល ជាង ៨ឆ្នំានេះ ធនាគារសម្រេចបាននូវទំហំទ្រព្យសកម្មសរុបជាង ១ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាចំនួន ៦០សាខាទូទាំងប្រទេស និងបណ្តាញម៉ាស៊ីនATM ៨៩ទីតាំង។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏ជាធនាគារឆ្នើមមួយនៅប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រសរសើរពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើនផងដែរ។ ក្នុង​ពេ​លថ្មីៗនេះ ធនាគារប្រៃសណីយ៍កម្ពុជា ក៏ទើបតែ​ឈ្នះ​ពានរង្វាន់អន្តរជាតិ «Fastest Growing Retail and SME Bank-Cambodia 2022» ពី​ International Business Magazine ពីសហភាពអារ៉ាប់រួមផងដែរ។