ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី១០ នៃការបង្កើតធនាគារប្រៃសណីយ៍កម្ពុជា ដែលជាធនាគារពាណិជ្ជដ៏រីកចម្រើនលឿនបំផុតមួយក្នុងប្រទេសកម្ពុជា។ ធនាគារបានសម្រេចចក្ខុវិស័យរបស់ខ្លួនដោយបានប្រែក្លាយជាគ្រឹះស្ថានធនាគារដ៏រឹងមាំមួយ ក្នុងការផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា និងអាជីវកម្មជាច្រើននៅក្នុងប្រទេស។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់ធនាគារបានកើនឡើងដល់១,៤ពាន់លានដុល្លារអាមេរិក ជាមួយនឹងសមតុល្យប្រាក់សន្សំ១ពាន់លានដុល្លារអាមេរិក និងសមតុល្យឥណទាន១ពាន់លានដុល្លារអាមេរិក។ ធនាគារបានពង្រីកបណ្តាញប្រតិបត្តិការសាខាចំនួន៦១លាតសន្ធឹងពេញផ្ទៃប្រទេស ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់សរុប៣៤០ទីតាំង គណនីអតិថិជនសរុប៣០១.០០០គណនី ប័ណ្ណសរុប១២៥.០០០ប័ណ្ណ អ្នកប្រើប្រាស់ សេវាធនាគារចល័តសរុប១២៣.០០០នាក់ និងដៃគូអាជីវកម្មសរុប៥០.០០០កន្លែងទូទាំងប្រទេស។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារមានបណ្តាញប្រតិបត្តិការចំនួន៥១សាខា ហើយបានពង្រីកទ្រព្យសកម្មរបស់ខ្លួនកើនឡើង៨ដង បន្ទាប់ពីក្លាយជាបុត្រសម្ព័ន្ធ១០០%របស់ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងឆ្នាំ២០១៧ ។
ក្នុងរយៈពេល១០ឆ្នាំនៃប្រតិបត្តិការ ធនាគារប្រៃសណីយ៍កម្ពុជា បានបោះជំហានយ៉ាងលឿនលើផ្នែកឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតតាមរយៈទូរសព្ទដៃ អតិថិជនអាចស្នើសុំឥណទាន បើកគណនីតាមអនឡាញ ទូទាត់វិក្កយបត្រ និងធ្វើប្រតិបត្តិការធនាគារផ្សេងៗទៀត ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ។
ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០ ធនាគារប្រៃសណីយ៍កម្ពុជា ផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់ការដាក់ប្រាក់បញ្ញើសន្សំមានកាលកំណត់ជាប្រាក់រៀល ដោយផ្តល់អត្រាការប្រាក់៨,៨%ក្នុងមួយឆ្នាំ សម្រាប់បញ្ញើមានកាលកំណត់រយៈពេល២ឆ្នាំឡើងទៅ ដោយមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
គួររំលឹកផងដែរ ធនាគារប្រៃសណីយ៍កម្ពុជា ក៏សម្រេចបាននូវប្រសិទ្ធិនាម និងពានរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។ នៅឆ្នាំ២០២៣ ធនាគារបានទទួលពានរង្វាន់ Best Retail Bank 2023 Award” ពីស្ថាប័ន World Confederation of Businesses និង “Honorable Mention as SME Financier of the Year Asia” ពី SME Finance Forum នៃ International Finance Corporation (IFC)។
ការប្តេជ្ញាចិត្តរបស់ធនាគារចំពោះឧត្តមភាព ការផ្តល់ទំនុកចិត្ត និងភាពច្នៃប្រឌិតខ្ពស់ បានធ្វើឱ្យធនាគារលេចធ្លោពីគូប្រកួតប្រជែងរបស់ខ្លួន ហើយធនាគារប្តេជ្ញាបន្តបម្រើអតិថិជនដោយភាពស្មោះត្រង់ និងយកចិត្តទុកដាក់ខ្ពស់បំផុត។ សមិទ្ធិផលរបស់ធនាគារ គឺជាសក្ខីភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ។
លោកតូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ក្នុងឱកាសនៃការអបអរសាទរខួប១០ឆ្នាំនេះ ធនាគារនឹងបន្តស្មារតីវឌ្ឍនភាព ស្វែងរកគំនិតថ្មីៗ ទទួលយកការច្នៃប្រឌិតថ្មីៗ សម្របខ្លួនទៅនឹងតម្រូវការរបស់អតិថិជន និងបន្តរួមចំណែកក្នុងកិច្ចការសង្គម»។
លោកក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផល និងសេវាកម្មរបស់ធនាគារកន្លងមក និងសូមថ្លែងអំណរគុណផងដែរចំពោះក្រុមប្រឹក្សាភិបាល និងភាគទុនិកទាំងអស់ សម្រាប់ការគាំទ្រតម្រង់ទិស និងអាជ្ញាធរនិយ័តករជាពិសេសធនាគារជាតិនៃកម្ពុជាសម្រាប់ការគាំទ្រ ណែនាំជាប្រចាំកន្លងមក។ ធនាគារប្រៃសណីយ៍កម្ពុជាប្តេជ្ញា បន្តផ្តល់បទពិសោធន៍សេវាកម្មល្អបំផុតជូនដល់អតិថិជន។ ធនាគារនៅតែបន្តធ្វើជាធនាគារគម្រូល្អបំផុតមួយក្នុង វិស័យធនាគារ និងហិរញ្ញវត្ថុ ដោយសង្ឃឹមថាធនាគារនៅតែបន្តទទួលបានជោគជ័យនៅឆ្នាំប្រតិបត្តិការបន្តបន្ទាប់ទៅមុខយូរអង្វែងទៅទៀត។»
រីករាយខួបអនុស្សាវរីយ៍លើកទី១០ របស់ធនាគារ ប្រៃសណីយ៍កម្ពុជា!!!