ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ គឺជាខួបអនុស្សាវរីយ៍លើកទី១១ នៃការបង្កើតធនាគារ ប្រៃសណីយ៍កម្ពុជា ដែលជាធនាគារពាណិជ្ជដ៏រីកចម្រើនលឿនបំផុតមួយក្នុងប្រទេសកម្ពុជា។ ធនាគារបានសម្រេចចក្ខុវិស័យរបស់ខ្លួនដោយបានប្រែក្លាយជាគ្រឹះស្ថានធនាគារដ៏រឹងមាំមួយ ក្នុងការផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា និងអាជីវកម្មជាច្រើននៅក្នុងប្រទេស។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់ធនាគារបាន កើនឡើងដល់ ១,៦ ពាន់លានដុល្លារ ដោយមានផលបត្រឥណទាន និងសមតុល្យប្រាក់សន្សំ ច្រើនជាង ១,១ពាន់លានដុល្លារ។ ។ ធនាគារបានពង្រីកបណ្តាញប្រតិបត្តិការសាខាចំនួន៦៤លាតសន្ធឹងពេញផ្ទៃប្រទេស ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់សរុប១៦៤ទីតាំង គណនីអតិថិជនសរុបជាង៤០០.០០០គណនី ប័ណ្ណសរុប១៣០.០០០ប័ណ្ណ អ្នកប្រើប្រាស់ សេវាធនាគារចល័តសរុប១៦០.០០០នាក់ និងដៃគូអាជីវកម្មសរុបជាង ៨៥.០០០កន្លែងទូទាំងប្រទេស។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារមានបណ្តាញប្រតិបត្តិការចំនួន៥១សាខា ហើយបានពង្រីកទ្រព្យសកម្មរបស់ខ្លួនកើនឡើង៨ដង បន្ទាប់ពីក្លាយជាបុត្រសម្ព័ន្ធ១០០% របស់ធនាគារប្រៃសណីយ៍កម្ពុជា ក្នុងឆ្នាំ២០១៧ ។
ក្នុងរយៈពេល១១ឆ្នាំនៃប្រតិបត្តិការ ធនាគារប្រៃសណីយ៍កម្ពុជា បានបោះជំហានយ៉ាងលឿនលើផ្នែកឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតតាមរយៈទូរសព្ទដៃ អតិថិជនអាចស្នើសុំឥណទាន បើកគណនីតាមអនឡាញ ទូទាត់វិក្កយបត្រ និងធ្វើប្រតិបត្តិការធនាគារផ្សេងៗទៀត ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ។
គួររំលឹកផងដែរ ធនាគារប្រៃសណីយ៍កម្ពុជា ក៏សម្រេចបាននូវប្រសិទ្ធិនាម និងពានរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។ នៅឆ្នាំ២០២៤ ធនាគារបានទទួលបានពានរង្វាន់អន្តរជាតិចំនួន ០២ គឺពានរង្វាន់ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024)» ពីស្ថាប័ន World Confederation of Business និងពានរង្វាន់ «អ្នកផ្តល់ហិរញ្ញប្បទានល្អបំផុតសម្រាប់សហគ្រិនស្ត្រីអាស៊ី (Best Financing Provider for Asian Women Entrepreneurs)» នៅក្នុងកម្មវិធី Global SME Finance Forum Awards 2024។
ការប្តេជ្ញាចិត្តរបស់ធនាគារចំពោះឧត្តមភាព ការផ្តល់ទំនុកចិត្ត និងភាពច្នៃប្រឌិតខ្ពស់ បានធ្វើឱ្យធនាគារលេចធ្លោពីគូប្រកួតប្រជែងរបស់ខ្លួន ហើយធនាគារប្តេជ្ញាបន្តបម្រើអតិថិជនដោយភាពស្មោះត្រង់ និងយកចិត្តទុកដាក់ខ្ពស់បំផុត។ សមិទ្ធិផលរបស់ធនាគារ គឺជាសក្ខីភាពមួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ធនាគារ។
លោកតូច ចៅចេក ប្រធាននាយកប្រតិបត្តិ ធនាគារប្រៃសណីយ៍កម្ពុជា បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រផលិតផល និងសេវាកម្មរបស់ធនាគារកន្លងមក និងសូមថ្លែងអំណរគុណផងដែរចំពោះក្រុមប្រឹក្សាភិបាល និងភាគទុនិកទាំងអស់ សម្រាប់ការគាំទ្រតម្រង់ទិស និងអាជ្ញាធរនិយ័តករជាពិសេសធនាគារជាតិនៃកម្ពុជាសម្រាប់ការគាំទ្រ ណែនាំជាប្រចាំកន្លងមក។
ធនាគារប្រៃសណីយ៍កម្ពុជាប្តេជ្ញា នឹងបន្តផ្តល់បទពិសោធន៍សេវាកម្មល្អបំផុតជូនដល់អតិថិជន។ ធនាគារនៅតែបន្តធ្វើជាធនាគារគម្រូល្អបំផុតមួយក្នុង វិស័យធនាគារ និងហិរញ្ញវត្ថុ ដោយសង្ឃឹមថាធនាគារនៅតែបន្តទទួលបានជោគជ័យនៅឆ្នាំប្រតិបត្តិការបន្តបន្ទាប់ទៅមុខយូរអង្វែងទៅទៀត។
រីករាយខួបអនុស្សាវរីយ៍លើកទី១១ របស់ធនាគារ ប្រៃសណីយ៍កម្ពុជា!!!