អតិថិជន ធនាគារ ប្រៃសណីយ៍កម្ពុជា ដែលជាម្ចាស់កាតវីសាមាសឥណទាន អាចចូលសម្រាករង់ចាំ និងរីករាយជាមួយ អាហារដ៏ឈ្ងុយឆ្ងាញ់ ភេសជ្ជៈ អ៊ីនធឺណិត កន្លែងធ្វើការ និងសេវាផ្សេងៗទៀតនៃ Plaza Premium Lounge ស្ថិតក្នុងអាកាសយានដ្ឋានអន្តរជាតិនានានៅទូទាំងពិភពលោក ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នេះតទៅ។
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង ធនាគារ ប្រៃសណីយ៍កម្ពុជា និង Plaza Premium Lounge បានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅក្នុង Plaza Premium Lounge ស្ថិតក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
បច្ចុប្បន្ន Plaza Premium Lounge មានទីតាំងចំនួន៣ក្នុងប្រទេសកម្ពុជា គឺស្ថិតក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និង អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និង៨៩ទីតាំងទៀត នៅតាមប្រទេសនានា ទូទាំងពិភពលោក។
លោក តូច ចៅចេក ប្រធានាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា «ធនាគារ ប្រៃសណីយ៍កម្ពុជា ពិតជាមានសេចក្តីសោមនស្សជាខ្លាំងដែលបានក្លាយជាដៃគូសហការជាមួយ Plaza Premium Lounge ហើយកិច្ចសហប្រតិបត្តិការមួយនេះ គឺជាយុទ្ធសាស្រ្តរបស់ធនាគារ ក្នុងគោលដៅផ្តល់សេវាកម្មដ៏សំបូរបែប ងាយស្រួល និងល្អឥតខ្ចោះជូនអតិថិជន។»
លោកស្រី Kimberly Wong នាយិកាគ្រប់គ្រងទូទៅនៃ Plaza Premium Lounge ប្រចាំប្រទេសកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា «Plaza Premium Group តែងតែឱ្យគុណតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការជាមួយអាកាសយានដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ និងដៃគូអាជីវកម្មនានា។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយ CPBank យើងនឹងអាចផ្តល់សេវាកម្មកាន់តែប្រសើរ និងទូលំទូលាយជាងមុន សម្រាប់អ្នកដំណើរទាំងអស់។»
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ (CPBank) ជាធនាគារពាណិជ្ជដ៏ធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគេនៅប្រទសកម្ពុជា ដែលត្រូវបានបង្កើត ឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ខាប់ពីតាល់។ ធនាគារមានសន្ទុះនៃការអភិវឌ្ឍ និងរីកចម្រើនយ៉ាងខ្លំាង ដែលគិតត្រឹមរយៈពេល ជាង ៨ឆ្នំានេះ ធនាគារសម្រេចបាននូវទំហំទ្រព្យសកម្មសរុបជាង ១ពាន់លានដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាចំនួន ៦០សាខាទូទាំងប្រទេស និងបណ្តាញម៉ាស៊ីនATM ៨៩ទីតាំង។ ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏ជាធនាគារឆ្នើមមួយនៅប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រសរសើរពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើនផងដែរ។ ក្នុងពេលថ្មីៗនេះ ធនាគារប្រៃសណីយ៍កម្ពុជា ក៏ទើបតែឈ្នះពានរង្វាន់អន្តរជាតិ “Quality Achievements Award 2022 in the Platinum Category” ពីស្ថាប័ន ESQR ប្រទេសអេស៉្ពាញ និង «Fastest Growing Retail and SME Bank-Cambodia 2022» ពី International Business Magazine ពីសហភាពអារ៉ាប់រួមផងដែរ។