នាព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ គណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃ CPBank បានចូលរួមប្រារព្ធពិធីកាន់បិណ្ឌវេនទី១១ នៅវត្តឧប្បលជោត្តនារាម ហៅវត្តភ្នួន ដែលមានទីតាំងស្ថិតនៅក្នុងឃុំអណ្តូងរម៉េញ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ក្នុងពិធីកាន់បិណ្ឌវេនទី១១នេះ គណៈគ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិកនៃ CPBank បាននាំយកនូវទេយ្យវត្ថុរួមមាន សាដក ៨ អង្ករ ៨ប៉ាវ មី ៨កេស ទឹកស៊ីអ៊ីវ ៨យួរ ទឹកសុទ្ធ ១៦យួរ និងបច្ច័យចំនួន ១,០៨០,០០០រៀល ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ជិតត្រីមាស ព្រមទាំងបានរៀបចំប្រារព្ធពិធីបែបសាសនា ដើម្បីឧទ្ទិសនូវផល្លានិសង្ឃជូនទៅដល់វិញ្ញាណក្ខ័ន្ធបុព្វការីជនមាន មាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដានដែលបានចែកឋានទៅកាន់បរមលោក និងបួងសួងសូមឱ្យវត្ថុស័ក្តិសិទ្ធិទាំងពួងតាមជួយថែរក្សាទំនុកបម្រុងចម្រើនចូលមានដល់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ធនាគារ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃ CPBank ក៏បានមានប្រសាសន៍លើកឡើងទៅកាន់បុគ្គលិកទាំងអស់ដែរបានចូលរួមថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយក្នុងព្រះពុទ្ធសាសនាដែលត្រូវបានគោរពប្រតិបត្តិជាយូរលង់ណាស់មកហើយ ដូចនេះក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយត្រូវចូលរួមខិតខំថែរក្សាប្រពៃណី ទំនៀមទំលាប់ដ៏ប្រពៃនេះឱ្យបានគង់វង្ស ក៏ដូចជាចូលរួមចំណែកក្នុងការចូលរួមប្រារព្ធពិធីបុណ្យមួយនេះជារៀងរាល់ឆ្នាំកុំបីខានឡើយ។