ធនាគារ ប្រៃសណីយ៍កម្ពុជា (CPBank) ជាធនាគារពាណិជ្ជធំមួយក្នុងចំណោមធនាគារពាណិជ្ជល្បីៗឈានមុខគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ ក្រោមដៃគូយុទ្ធសាស្ត្ររវាង កាណាឌីយ៉ា អ៊ីនវែសមិនហូលឌីង ប្រៃសណីយ៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងហ្វូឡឹតុនហ្វាយណាន់ស៊ល្យហូលឌីង។ សព្វថ្ងៃនេះ CPBank បាននឹងកំពុងបន្តសក្តានុពលរបស់ខ្លួនគ្រប់ផ្នែកទាំងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជន ការស្វែងរក និងអភិវឌ្ឍនូវសេវាធនាគារថ្មីៗដើម្បីបំពេញតម្រូវការរបស់អតិថិជន ជាពិសេសគឺការពង្រីកនូវបណ្តាញសាខារបស់ខ្លួនយ៉ាងរហ័សគួរឱ្យកត់សម្គាល់។
នាខែមករា ដើមឆ្នាំ២០២១ ថ្មីៗកន្លងទៅនេះ CPBank បានបើកសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួនចំនួន ៣សាខា ដែលមានទីតាំងនៅតាមបណ្តាស្រុក និងខេត្តសក្តានុពលរួមមាន សាខាស្រុកគងពិសី-ខេត្តកំពង់ស្ពឺ សាខាខេត្តរតនគីរី និងសាខាខេត្តកោះកុង ដែលសុទ្ធសឹងជាតំបន់ដែលបងប្អូនប្រជាពលរដ្ឋទាំងអស់កំពុងតែមានតម្រូវការក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុជាចាំបាច់។ ម្យ៉ាងវិញទៀត បើគិតត្រឹមឆ្នាំ២០២១ នេះ CPBank បានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនសរុបរហូតដល់ ៥៨សាខា រួមទាំងបុត្រសម្ព័ន្ធជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ចំនួន ៥១សាខា និងម៉ាស៊ីន ATM ចំនួន ៧៧ ទីតាំងទូទាំងប្រទេស។
រឹតតែពិសេសជាងនេះទៅទៀត CPBank ផ្តល់ជូនអតិថិជនទាំងអស់អាចធ្វើប្រតិបត្តិការដកប្រាក់តាមរយៈម៉ាស៊ីន ATM របស់ធនាគារ កាណាឌីយ៉ា បានដោយឥតគិតថ្លៃរហូតដល់ជាង ១៦០ ទីតាំងទូទាំងប្រទេស។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃ CPBank បានមានប្រសាសន៍ថា “CPBank ជាធនាគារពាណិជ្ជមួយមានភាពរីកចម្រើនលឿនជាងគេដែលទទួលបានគាំទ្រខ្លាំងពីសំណាក់អតិថិជនទូទាំងប្រទេស មិនត្រឹមតែប៉ុណ្ណោះបងប្អូនប្រជាពលរដ្ឋកម្ពុជាជាច្រើនកំពុងតែត្រូវការជាចាំបាច់ក្នុងការប្រើប្រាស់សេវាកម្មរបស់ CPBank ដែលជាកត្តាជម្រុញឱ្យធនាគារបន្តពង្រីកបណ្តាញសាខារបស់ខ្លួនកាន់តែឆាប់រហ័សបំផុត ដើម្បីអាចបំពេញនូវតម្រូវការហិរញ្ញវត្ថុ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អាចងាយស្រួលក្នុងការប្រើប្រាស់សេវាធនាគារឱ្យបានពេញបរិបូរណ៍។ អ្វីដែលកាន់តែពិសេសសម្រាប់ CPBank នោះ គឺធនាគារទើបតែបើកសម្ពោធជាផ្លូវការត្រឹមរយៈពេល ៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែធនាគារអាចសម្រេចបានទ្រព្យសកម្មសរុបរហូតដល់ជាង ១,០០០ លានដុល្លារអាមេរិក ជាមួយបណ្តាញសាខាសរុបរហូតដល់ ៥៨សាខា រួមទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារចំនួន ៥១សាខា និងមានម៉ាស៊ីនអេធីអឹមសរុប ៧៧ ទីតាំងទូទាំងប្រទេស”។
លោក តូច ចៅចេក បានមានប្រសាសន៍បន្តទៀតថា “បើក្រឡេកមើលទៅផ្នែកបច្ចេកវិទ្យាវិញ ធនាគារបានបង្កើត និងដាក់ឱ្យដំណើរការនូវមុខងារជាច្រើនរួមមាន ការដាក់ដំណើរការអនឡាញលើការស្នើសុំឥណទាន និងស្នើសុំបើកគណនីបានភ្លាមៗជាមួយប្រព័ន្ធអនុម័តឥណទានឆាប់រហ័ស (LOS) និងផ្តល់ជូនប័ណ្ណឥណទានវីសា សេវាធនាគារចល័ត សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស -ល-។
គូសបញ្ជាក់ផងដែរថា CPBank មានសេវាហិរញ្ញវត្ថុជាច្រើនសម្បូរបែបសម្រាប់បម្រើជូនអតិថិជនរួមមាន សេវាឥណទាន (ឥណទានអាជីវកម្ម ឥណទានរថយន្ត ឥណទានកសិកម្ម ឥណទានគេហដ្ឋាន ឥណទានគ្មានទ្រព្យធានា ឥណទានវិបារូបហ៍ -ល-) និងសេវាបញ្ញើសន្សំ (គណនីបញ្ញើសន្សំមានកាលកំណត់ គណនីសន្សំ គណនីចរន្ត គណនីសន្សំបានអត្រាការប្រាក់ខ្ពស់ គណនីសន្សំបង្គរ គណនីទំនុកចិត្តអេស្ក្រូ និងគណនីទូទាត់ជាដើម -ល-)។ ចំណែកមុខងារពិសេសៗតាមរយៈ CPBank Mobile App វិញមានដូចជា ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ទូទាត់តាមរយៈ QR ស្កេន ទូទាត់វិក្កយបត្រ ទូទាត់ថ្លៃទឹក-ភ្លើង-សំរាម បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃគ្រប់ប្រព័ន្ធ ដកប្រាក់ដោយមិនចាំបាច់មានប័ណ្ណ ATM បង្កើតប័ណ្ណនិម្មិត បញ្ចូលទឹកប្រាក់ក្នុងកាបូបលុយអេឡិចត្រូនិចជាដើម ជាពិសេសគឺគ្រប់មុខងារ និងប្រតិបត្តិការទាំងអស់ពុំមានគិតកម្រៃសេវាឡើយ។ ម៉្យាងវិញទៀត CPBank ក៏ជាសមាជិកនៃប្រព័ន្ធ Bakong CSS និង Visa ដែលផ្តល់ជូនអតិថិជនកាន់តែងាយស្រួលក្នុងការដកប្រាក់ និងទូទាត់ប្រាក់ផ្សេងៗ។ ឆាប់ៗខាងមុខនេះ ធនាគារនឹងដាក់ដំណើរការជាផ្លូវការនូវសេវាបង់ពន្ធ ដូច្នេះអតិថិជនទាំងអស់អាចធ្វើការបង់ពន្ធរថយន្ត ផ្ទះ អគារ និងអចលនទ្រព្យផ្សេងៗបានតាមរយៈ CPBank។