ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកជាបុណ្យប្រពៃណីជាតិខ្មែរដ៏សំខាន់មួយ ដែលមានជាប់ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ កងទ័ពខ្មែរក្នុងការការពារបូរណភាពប្រទេសជាតិ និងជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជាតិខ្មែរ ដែលជាមរតកវប្បធម៍ដូនតាបានបន្សល់ទុកតាំងពីបុរាណកាល ដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយ។ សព្វថ្ងៃនេះ ពិធីបុណ្យអុំទូកនេះត្រូវបានរាស្រ្តប្រជាកម្ពុជាយើងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ និងចាត់ទុកជាបុណ្យប្រពៃណីជាតិខ្មែរមួយដ៏ធំ និងសំខាន់បំផុតក្នុងចំណោមបុណ្យជាតិសំខាន់ផ្សេងៗទៀត។
ដោយឡែកនៅក្នុងខេត្តឧត្តរមានជ័យ ភូមិភាគខាងជើងនៃប្រទេសកម្ពុជាយើងវិញ ក៏បានប្រារព្ធពិធីបុណ្យអុំទូកប្រពៃណីជាតិខ្មែរយើងផងដែរ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដើម្បីធ្វើការជ្រើសរើសទូកដែលទទួលបានចំណាត់ថ្នាក់ល្អទៅចូលរួមប្រកួតផ្តាច់ព្រ័តថ្នាក់ជាតិ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសក្នុងការអបអរសាទរព្រះរាជពិធីបុណ្យអុំទូកនេះផងដែរ នៅថ្ងៃព្រហស្បត៏ ៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩:៣០ នាទីព្រឹក ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សាខាខេត្តឧត្តរមានជ័យ បានចូលរួមជាមួយសាលាក្រុងសំរោងក្រោមអធិបតីភាពដឹកនាំដោយលោក អ៊ុន សុភ័ក្រ្តអភិបាលក្រុងសំរោង ដោយនាំយកអាវយឺតចំនួន ១០០ អាវ និងស្បោងបរិស្ថានចំនួន ១០០ ដល់សាលាក្រុងសំរោង ដើម្បីឧបត្ថម្ភដល់កីឡាករប្រណាំងទូកង។