ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំកម្មវិធី «បរិស្ថានស្អាត សុខភាពល្អ» ដែលចូលរួមដោយគណៈគ្រប់គ្រង និងបុគ្គលិកធនាគារគ្រប់ជាន់ថ្នាក់ ដោយដើររើសសំរាមសម្អាតបរិស្ថាននៅតាមសួន និងដងផ្លូវសាធារណៈនៅគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព សោភ័ណភាព និងសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ សកម្មភាពនេះក៏ជាសារក្រើនរំលឹកដល់សាធារណៈជនឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជៀសវៀងការចោលសំរាមពាសវាលពាសកាល ដើម្បីការរស់នៅស្អាត បរិស្ថានស្អាត និងសេចក្តីថ្លៃថ្នូរផងដែរ។
គួបញ្ជាក់ផងដែរថា ស្នាក់ការកណ្តាល និងសាខានៅរាជធានីភ្នំពេញទាំង១២សាខា បានប្រមូលផ្តុំគណៈគ្រប់គ្រង និងបុគ្គលិកប្រមាណ៤០០នាក់ ដើររើសសំរាម សម្អាតបរិស្ថាននៅទីតាំងក្រោមស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយ ចង្វារ) និងតាមបណ្តោយច្រាំងទន្លេសាប ក្នុងខណ្ឌជ្រោយចង្វារ នៅរាជធានីភ្នំពេញ។