ធនាគារ ប្រៃសណីយ៍កម្ពុជា រៀបចំកម្មវិធីសប្បុរសធម៌ នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល

កណ្តាល៖ ធនាគារ ប្រៃសណីយ៍កម្ពុជា បាន​រៀបចំ​កម្មវិធី​សប្បុរសធម៌ ដោយ​ពាំនាំ​គ្រឿង​ឧបភោគ បរិភោគ សម្ភារៈសិក្សា និង​ថវិកាមួយ​ចំនួន​ ចែក​ជូន​គ្រួសារ​ក្រីក្រ​ចំនួន​៩គ្រួសារ ដែល​រស់​នៅក្នុង​​ភូមិ​ព្រែក​អំពិល សង្កាត់​ព្រែក​អំពិល ក្រុងអរិយក្សត្រ ខេត្ត​កណ្តាល នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៤។

គ្រួសារនិមួយៗ​ទទួលបានអង្ករ២បាវ (១០០គីឡូក្រាម) ត្រីខ១យួរ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ មី១កេស និងថវិកាចំនួន ២០០,០០០រៀល ខណៈកូនៗនៅ​ក្នុង​គ្រួសារ ដែលកំពុង​សិក្សា​ទទួល​បាន ​ឯកសណ្ឋានសិស្ស២ឈុត កាបូបស្ពាយ១ សៀវភៅសរសេរ១០ក្បាល និងសម្ភារៈសិក្សា១ឈុត។

ក្នុង​កម្មវិធីសំណេះសំណាល លោក តូច ចៅចេក ប្រធាន​នាយកប្រតិបត្តិ ធនាគារ​ប្រៃសណីយ៍ កម្ពុជា បាន​មាន​ប្រសាសន៍លើក​ទឹក​ចិត្ត​ដល់​ក្មួយៗ​សិស្សានុសិស្សឱ្យ​តស៊ូ​ប្រឹង​ប្រែង​សិក្សា ដើម្បី​ឱ្យ​ខ្លូន​មាន​ចំណេះ​ជំនាញ​ច្បាស់លាស់​ ពីព្រោះ​មាន​តែការ​​មានចំណេះ​ និង​ជំនាញ​​ទេ​ ដែល​ជួយ​លើកស្ទួយជីវភាព​គ្រួសារ​ឱ្យ​ចាកចេញ​ពីភាព​ក្រីក្រ។

គួរបញ្ជាក់ផងដែរថា ធនាគារ​ ប្រៃសណីយ៍កម្ពុជា តែងជួយរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ និងសកម្មភាពសង្គមនានា។ កន្លងមក ធនាគារបានរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់សាលា ចូលរួមដាំដើមឈើ សម្អាតទីក្រុង ឧបត្ថម្ភមន្ទីពេទ្យគន្ធបុប្ផា និងអង្គការក្រៅរដ្ឋាភិបាលនានាផងដែរ។