រាជធានីភ្នំពេញ៖ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ វគ្គ១ ស្តីអំពី «ការពង្រឹងសមត្ថភាពបុគ្គលិកពាក់ព័ន្ធនឹងកិច្ចការផ្តល់ឥណទាន ដើម្បីធានាប្រសិទ្ធភាពនៃប្រតិបត្តិការប្រកបដោយចីរភាព និងការទទួលខុសត្រូវ» នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤។
នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ លោកប្រធាននាយកប្រតិបត្តិ តូច ចៅចេក បានផ្តល់នូវអនុសាសន៍ល្អៗជាច្រើនដល់សិក្ខាកាម និងបានណែនាំឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់រៀនសូត្រ និងចូលរួមឲ្យបានផុសផុល ដើម្បីក្រេបយកចំណេះវិជ្ជា និងបទពិសោធន៍នានាដែលចែករំលែកដោយវាគ្មិន ដើម្បីអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។
គួរបញ្ជាក់ផងដែរថា ធនាគារប្រៃសណីយ៍កម្ពុជា គឺតែងតែយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសមត្ថភាពបុគ្គលិក តាមរយៈកម្មវិធីបណ្តុះបណ្តាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ជាប្រចាំ ក្នុងគោលបំណង ធានាឲ្យបាននូវបុគ្គលិកដែលពោរពេញដោយសមត្ថភាព និងគុណវឌ្ឍិគ្រប់គ្រាន់ និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈរបស់បុគ្គលិកគ្រប់រូប ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេជូនដល់អតិថិជនគ្រប់រូប។