នាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ធនាគារប្រៃសណីយ៍កម្ពុជា បានធ្វើកិច្ចសហការជាមួយស្ថាប័ន World Savings and Retail Banking Institute (WSBI) រៀបចំសិក្ខាសាលាស្តីពី ស្រ្តី និងហិរញ្ញវត្ថុ ‘‘Women & Finance’’ នៅសណ្ឋាគារអូឡាំព្យាស៊ីធី រាជធានីភ្នំពេញ។ វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តោតលើការពិភាក្សាអំពីបរិយាប័ន្នហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់តម្លៃស្រ្តីក្នុងវិស័យហិរញ្ញវត្ថុ និងបញ្ហាវិសមភាពយេនឌ័រ តាមរយៈយុទ្ធសាស្ត្រគោលនយោបាយ បច្ចេកវិទ្យា និងការអប់រំផ្នែកហិរញ្ញវត្ថុ ដែលអាចជួយឲ្យសម្រេចបានសមភាពយេនឌ័រ និងកាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិស្តីពី បរិយាប័ន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥។
វេទិកានេះទទួលបានការចូលរួមពីសំណាក់វាឃ្មិន និងស្ថាប័នពាក់ព័ន្ធជាច្រើនដើម្បីចែករំលែកនូវចំណេះដឹងទាក់ទងនឹងសិទ្ធិរបស់ស្រ្តីនៅក្នុងវិស័យហិរញ្ញវត្ថុ រួមមានតំណាងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ នាវ ចាន់ថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ប្រៃសណីយ៍កម្ពុជា លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជា លោក Christ De Noose នាយកគ្រប់គ្រងនៃ World Saving and Retail Banking Institute និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតរួមមាន អ្នកតំណាងពីក្រុមហ៊ុនបុត្រសម្ព័ន្ធ អ្នកតំណាងស្ថាប័នហិរញ្ញវត្ថុ អ្នកតំណាងពីស្ថាប័នធនាគារទាំងក្នុងប្រទេស និងក្រៅប្រទេសរួមមាន តំណាងធនាគារឥណ្ឌូណេស៊ី ឥណ្ឌា ស្រីលង្ការ បង់ក្លាដែស។
លោកជំទាវ នាវ ច័ន្ទថានា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា “យុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុថ្នាក់ជាតិ ឆ្នាំ២០១៩-២០២៥ ជាឧបករណ៍គោលនយោបាយមួយ សំដៅសម្រេចឲ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការសេវាហិរញ្ញវត្ថុក្នុងប្រទេស គាំទ្រដល់ចីរភាពនៃកំណើនសេដ្ឋកិច្ច សម្រេចបានសមភាពយេនឌ័រ ផ្តល់សិទ្ធិអំណាចដល់ស្ត្រី ការបង្កើនប្រាក់ចំណូលរបស់ប្រជាជន និងការកាត់បន្ថយភាពក្រីក្រ”។
លោកជំទាវក៏បានបន្ថែមថា “យុទ្ធសាស្ត្រនេះ ក៏បានកំណត់ទិសដៅសម្រាប់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍនានា និងវិស័យឯកជន រួមគ្នាអនុវត្ត និងផ្តោតការយកចិត្តទុកដាក់ទៅលើផ្នែកដែលទាមទារឲ្យមានវិធានការជាបន្ទាន់។ ធនាគារជាតិនៃកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលការអនុវត្តផែនការសកម្មភាព និងធានាឲ្យមានកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចគោលដៅបរិយាប័ន្នហិរញ្ញវត្ថក្នុងការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដែលមានគុណភាព កាត់បន្ថយអត្រាស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការឲ្យបានពាក់កណ្តាលពីចំនួន ២៧% មក១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពីចំនួន ៥៩% មក ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច”។
ក្នុងសិក្ខាសាលានោះផងដែរ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានមានប្រសាសន៍ថា “ ការសម្រេចបានសមភាពយេនឌ័រ គឺជាផ្នែកមួយរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធសាស្ត្រចតុកោណរបស់ប្រទេសកម្ពុជា សម្រាប់កំណើនសមធម៌និងប្រសិទ្ធភាពការងារ។ រាជរដ្ឋាភិបាលទទួលស្គាល់ការចូលរួមកាន់តែច្រើនរបស់ស្ត្រីនៅក្នុងសេដ្ឋកិច្ចនឹងជួយពន្លឿនការសម្រេចគោលដៅជាតិដូចជាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងភាពយុត្តិធម៍។
លោក Christ De Noose នាយកគ្រប់គ្រងនៃស្ថាប័ន World Saving and Retail Banking Institute បានមានប្រសាសន៍ថា ‘‘អំណាចរបស់មនុស្ស ជាពិសេសស្រ្តីក្នុងវិស័យហិរញ្ញវត្ថុ និងការងាររបស់ពួកគេ គឺជួយពួកគេសម្រេចបាននូវអនាគតរបស់ពួកគេប្រកបដោយសុខមាលភាព និងភាពជោគជ័យ។ WSBI មើលឃើញថាការដាក់បញ្ចូលហិរញ្ញវត្ថុជាមូលដ្ឋានគ្រឹះសម្រាប់តម្លៃក្នុងការជួយខ្លួនឯង និងការរួមចំណែកជាច្រើនទៀតដល់សេដ្ឋកិច្ចទាំងមូល’’។