ក្នុងឱកាស ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០១៨ ខ្ញុំសូមសម្ដែងនូវក្ដីសោមនស្សរីករាយ និងថ្លែងនូវអំណរគុណដ៏ស្មោះស្ម័គ្រ ឧត្ដុង្គឧត្ដមបំផុត ចំពោះភាគទុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ ដែលបានចូលរួមអនុវត្ដការងារទទួលបានលទ្ធផលល្អប្រសើរ តាមតួនាទីរៀងៗខ្លួន ស្របតាមទស្សនៈវិស័យ និងបេសកកម្ម របស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាពិសេសសូមគោរពថ្លែងអំណរគុណចំពោះការគាំទ្ររបស់ធនាគារជាតិ នៃកម្ពុជា ជាអាណាព្យាបាល និងអតិថិជនភក្តីភាព ជាទីគោរពទាំងអស់។ មកដល់ពេលបច្ចុប្បន្ននេះ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ បានចូលរួមផ្តល់សេវាកម្មហិរញ្ញវត្ថុរយៈពេលជិត ៥ឆ្នាំ ជាមួយនឹងការបន្តអភិវឌ្ឍន៍បច្ចេកវិជ្ជាហិរញ្ញវត្ថុ ឱ្យកាន់តែទំនើបទាន់សម័យ និងងាយស្រួលប្រើប្រាស់ជូនដល់សាធារណជន និងអតិថិជន ព្រមទាំងរក្សាបាននូវគុណភាពបម្រើសេវាអតិថិជនដ៏ល្អក្នុងវិស័យហិរញ្ញវត្ថុ តាមរយៈយុទ្ធសាស្រ្តសម្បូរបែប។ ក្នុងឱកាស ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០១៨ នេះ សូមភាគទុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង សហការី និងក្រុមគ្រួសារទាំងអស់ ទទួលបាននូវសេចក្តីសុខកាយ សប្បាយចិត្ត ចម្រើនរុងរឿង ជោគជ័យ សិរីមង្គលតរៀងទៅ ព្រមទាំងសម្រេចផលតាមផែនការយុទ្ធសាស្ត្រដែលបានកំណត់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពដ៏ឧត្តុង្គឧត្តម កុំបីឃ្លៀងឃ្លាតឡើយ៕
ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨
ប្រធាននាយកប្រតិបត្តិ
លោក តូច ចៅចេក