ដើម្បីជាគោលគំនិតក្នុងការតម្រង់ទិសជូនសិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់វិទ្យាល័យ ជាពិសេសប្អូនៗសិស្សានុសិស្សដែលស្រឡាញ់ និងមានបំណងចង់បម្រើការងារក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ កាលពីថ្ងៃទី15 ខែមករា ឆ្នាំ2021 កន្លងទៅនេះ CPBank ក្រោមតំណាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ បានអញ្ជើញចូលរួមធ្វើបទបង្ហាញដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ ក៏ដូចជាផ្តល់នូវផ្នត់គំនិតតម្រង់ទិសជូនសិស្សានុសិស្សជាង ១០០ នាក់ នៃសាលារៀនគ្រូយើង ក្នុងទីរួមខេត្តរតនគីរី ស្តីពីអាជីពការងារក្នុងវិស័យធនាគារ និងទិសដៅអនាគតសម្រាប់យុវជននាយុគសម័យឌីជីថល។
បឋកថាស្តីពីអាជីពការងារក្នុងវិស័យធនាគារ និងទិសដៅអនាគតសម្រាប់យុវជននាយុគសម័យឌីជីថលនេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយជាព័ត៌មាន និងផ្តល់ជាចំណេះដឹងជូនដល់សិស្សានុសិស្សនៅកម្រិតមធ្យមសិក្សា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ អាចកំណត់ឱ្យបានច្បាស់លាស់ពីផែនការក្នុងការសិក្សា ការរៀបចំខ្លួនចូលថ្នាក់ឧត្តមសិក្សាដើម្បីឱ្យទទួលបានភាពជោគជ័យ និងអាចសម្រេចតាមបំណងប្រាថ្នារបស់ខ្លួននាពេលអនាគត។
ក្នុងសិក្ខាសាលានេះផងដែរ លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃ CPBank បានមានប្រសាសន៍ថា៖ “ដើម្បីក្លាយជាធនធានមនុស្សមួយរូបដែលប្រកបដោយសមត្ថភាព ចំណេះដឹង ជំនាញ និងបច្ចេកទេសខ្ពស់ ប្អូនៗសិស្សានុសិស្សាទាំងអស់ត្រូវតែខិតខំប្រឹងប្រែងសិក្សាតាំងពីថ្នាក់មធ្យមសិក្សា និងរហូតដល់ថ្នាក់ឧត្តមសិក្សា។ ចំណែកឯការចូលប្រលូកក្នុងវិស័យការងារវិញ សូមឱ្យក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវតែជ្រើសរើសការងារណាដែលខ្លួនស្រឡាញ់ និងពេញចិត្តក្នុងការធ្វើ និងត្រូវចំណាយពេលវេលាក្នុងការសិក្សាពីការងារមួយនេះឱ្យបានរហ័សបំផុតដើម្បីអាចអភិវឌ្ឍន៍ខ្លួនក្លាយជាអ្នកដឹកនាំមួយរូបនាពេលអនាគត”។
លោក តូច ចៅចេក បានមានប្រសាសន៍បន្ថែមទៀតថា៖ “ប្រសិនបើប្អូនៗសិស្សានុសិស្សទាំងអស់ពិតជាស្រឡាញ់ការងារក្នុងវិស័យហិរញ្ញវត្ថុពិតប្រាកដមែននោះ សូមខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សល្អមួយរូប។ CPBank នឹងរង់ចាំប្អូនៗដើម្បីចូលរួមជាមួយគ្នា និងរង់ចាំផ្តល់ឱកាសជូនប្អូនៗទាំងអស់ដែលមានសមត្ថភាព និងចង់អភិវឌ្ឍន៍ខ្លួនក្នុងវិស័យធនាគារ”។
ជាកិច្ចចុងក្រោយ CPBank ក៏បានប្រគល់ជូនជាថង់បរិស្ថាន សម្ភារៈសិក្សារួមមាន ប៊ិក សៀវភៅចំនួន 100 ឈុត ជូនប្អូនៗសិស្សានុសិស្សដែលមានបានចូលរួមក្នុងសិក្ខាសាលានេះ ដើម្បីប្រើប្រាស់ក្នុងការសិក្សារបស់ខ្លួន និងសង្ឃឹមខ្ពស់ថាសិស្សានុសិស្សទាំងអស់នឹងខិតខំប្រឹងប្រែងសិក្សា និងសម្រេចបាននូវគោលបំណងដែលខ្លួនបានប៉ងប្រាថ្នា។