ក្នុងស្មារតីនៃកិច្ចសហការល្អរវាងគ្នាទៅវិញទៅមក និងដើម្បីចូលរួមជាចំណែកដ៏សំខាន់មួយក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាក្នុងការស្តារធុរកិច្ចឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ១៩។ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ធនាគារ ប្រៃសណីយ៍កម្ពុជា បានជួបពិភាក្សា និងបន្តធ្វើកិច្ចសហការក្នុងភាពជាដៃគូជាមួយនឹងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា លើ “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២” ។ កិច្ចសហការនេះមានគោលបំណងដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈការផ្តល់ជាកម្ចីជូនសហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាម្ចាស់អាជីវកម្មក្នុងការបន្តរក្សាលំនឹងអាជីវកម្មរបស់ខ្លួនក្នុងគ្រាដ៏លំបាកនេះ និងត្រៀមខ្លួនងើបឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ជាពិសេសគម្រោងសហហិរញ្ញប្បទាននេះ គឺផ្តោតសំខាន់លើការផ្តល់ឥណទាន ដើម្បីជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអទិភាព ដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម សម្រាប់ជំនួសឱ្យការនាំចូលបម្រើសេចក្តីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម។
គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ នេះ គឺជាគម្រោងមួយក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងធនាគារ ប្រៃសណីយ៍កម្ពុជា ដែលផ្តល់ជូនឥណទានជាមួយអត្រាការប្រាក់ទាបបំផុតត្រឹមតែ ៦,៥% ក្នុងមួយឆ្នាំ និងមានរយៈពេលកម្ចីរហូតដល់ ៧ឆ្នាំ។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារ ប្រៃសណីយ៍កម្ពុជា បានមានប្រសាសន៍ថា “ភាពជាដៃគូជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមអោយងើបឡើងវិញទាន់ពេលវេលា ជាពិសេសឆ្ពោះទៅកាន់ការអភិវឌ្ឃន៍សេដ្ឋកិច្ចឡើងវិញនៅក្រោយវិបត្តិកូវីដ១៩ត្រូវបានបញ្ចប់។ លោកបានបន្ថែមថា យើងបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការបញ្ចេញថវិកាកម្ចីក្នុងជំហានទី១ កាលពីឆ្នាំ២០២០ ហើយយើងជឿជាក់ថាជំហានទី២នេះ យើងនឹងអាចសហការគ្នាក្នុងការជួយគាំទ្រអាជីវកម្មរបស់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមយ៉ាងមានប្រសិទ្ធភាពបំផុត។”
លោក លឹម អូន នាយកប្រតិបត្តិ នៃ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់យ៉ាងឆាប់រហ័សដើម្បីជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យមដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តអាជីវកម្មរបស់ខ្លួនឡើងវិញ និងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណ និងទទួលស្គាល់ដោយស្មោះចំពោះធនាគារ ប្រៃសណីយ៍កម្ពុជា និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ សម្រាប់ការបន្តសហការគ្នានៅក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ នេះ។”
ក្រៅពីផ្តល់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម CPBank ក៏បម្រើជូនអតិថិជននូវសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ដើម្បីគាំទ្រម្ចាស់អាជីវកម្មដូចជា ការទូទាត់តាម QR ស្កេន ការសហការជាដៃគូពាណិជ្ជកម្ម សេវាបើកប្រាក់បៀវត្ស សេវាប្រមូលប្រាក់បង់ពន្ធជាដើម ជាពិសេសពុំមានគិតកម្រៃសេវាឡើយ។
តាមរយៈគម្រោងមួយនេះ គ្រប់អតិថិជន និងសាធារណជនទាំងអស់អាចអញ្ជើញដាក់ពាក្យស្នើសុំឥណទានពីធនាគារ ប្រៃសណីយ៍កម្ពុជា នៅតាមបណ្តាសាខាទាំង ៦០ទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ 023 260 888។