ដើម្បីអបអរសាទរទិវាប្រាក់រៀលខួបលើកទី ៣៩ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ តែងតែបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរនៅគ្រប់អាជីវកម្មទាំងអស់។
ធនាគារបានធ្វើការជាមួយធនាគារជាតិ នៃកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀត ដោយបានបង្កើតនូវសេវាកម្មថ្មី ដែលមានឈ្មោះថា «សេវាទូទាត់រហ័ស» ដែលអនុញ្ញាតឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំងអស់ អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ប្រាក់ជាប្រាក់រៀលឆ្លងគ្រឹះស្ថាន សម្រាប់អតិថិជនរបស់ខ្លួននៅគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ធនាគារបានដាក់ឲ្យដំណើរការប្រព័ន្ធ សេវាធ្វើប្រតិបត្តិការឆ្លងធនាគារ (Cambodian Shared Switch) ដែលអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់ប័ណ្ណអេធីអឹម ដកប្រាក់ ឬទូទាត់ចំណាយឆ្លងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានសមាជិកដូចជា៖ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធនាគារ ស្ថាបនា លីមីតធិត និងធនាគារ អេស៊ីលីដា ភីអិលស៊ី។
ធនាគារក៏បានជម្រុញឲ្យមានការប្រើប្រាស់ប្រាក់រៀលក្នុងគ្រប់ប្រតិបត្តិការនៃការផ្ដល់សេវាកម្មរបស់ខ្លួនដូចជា សេវាឥណទាន បញ្ញើសន្សំ ផ្ទេរប្រាក់ ប្តូរប្រាក់ អេធីអឹម (ATM) សេវាធនាគារចល័ត (Mobile Banking) សេវាបើកប្រាក់បៀវត្ស និងសេវាផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០១៩នេះ ធនាគារ ប្រៃសណីយ៍កម្ពុជា មានសំពាធឥណទានជាប្រាក់រៀលរហូតដល់ ៨% នៃសំពាធឥណទានសរុបរបស់ខ្លួន ដែលបើតាមការកំណត់របស់ធនាគារជាតិ នៃកម្ពុជា គឺតម្រូវគ្រឹះស្ថាន មានសំពាធឥណទានរបស់ខ្លួនយ៉ាងយោចណាស់ ១០% នៃសំពាធឥណទានសរុប។
នាឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៣៩ នៃការដាក់ឲ្យចរាចរណ៍ប្រាក់រៀលឡើងវិញ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សូមប្រសិទ្ធពរជ័យ សិរីបវរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិ នៃកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ជាមួយគ្នានេះដែរ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជនដែលបាននឹងបន្តការប្រើប្រាស់សេវាកម្មរបស់ធនាគារ និងសូមជូនពរជ័យដល់អតិថិជនទាំងអស់ទទួលបានជោគជ័យគ្រប់ភារៈកិច្ច និងបន្តការរីកចម្រើនជាមួយគ្នាប្រកបដោយនិរន្តភាព។